ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសម្នាក់បន្ទាប់ពីបើកម៉ូតូបុកជាមួយរថយន្តនៅក្រុងកំពត

កំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់ម្នាក់ ដែលមានទិសដៅស្របគ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ ១៥១-១៥២ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
អ្នកបើកបរម៉ូតូឈ្មោះ ស៊ឹម រីយើ ភេទប្រុស អាយុ២០ឆ្នាំ និងមានដឹកមនុស្សពីក្រោយម្នាក់ឈ្មោះ ហាំ ម៉ាត់យ៉ះ ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បើកបរម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កំពត 1P-9125 ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿងដែលកំពុងចតនៅខាងស្តាំនៃផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
អ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ ( បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) បើកបររថយន្តម៉ាក INTERNATIONAL ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6758 និងសណ្តោងសឺមីរ៉ីម៉កពណ៌ខៀវ គ្មានស្លាកលេខ បានឈប់រថយន្តនៅខាងស្តាំនៃផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងដែលមកពីក្រោយ បុកចំពីក្រោយយ៉ាងពេញទំហឹង រួចបានរត់គេចខ្លួនបាត់។
វត្ថុតាងរួមមានរថយន្តនិងម៉ូតូចំនួន០២គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពតដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់