ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រ៉េងរូវើ ស្លាកលេខ ភ្នំពេញ2AE-9998 ពន្លះគូទក្រោយរថយន្តធុនធំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តស៊េរីទំនើប ម៉ាករ៉េងរូវើមួយគ្រឿង
ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តស្ទូចធុនធំ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ដើម្បីស្ទូចបង្គោលភ្លើង បណ្តាលឲ្យស្ត្រីម្នាក់ដែលរួមដំណើរលើរថយន្តរងរបួស កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បើកបររថយន្តមួយគ្រឿង ម៉ាករ៉េងរូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9998 និងមានស្ត្រីម្នាក់ទៀត រួមដំណើរពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ដែលមានរថយន្តស្ទូចធុនធំមួយគ្រឿង ម៉ាកKATO ពណ៌លឿង គ្មានស្លាកលេខ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវស្ទូចបង្គោលភ្លើង នៅត្រង់ចំណុចកើតហេតុ ដោយមានអ្នកឈរក្រវីភ្លើងពិល ជាសញ្ញាណផងដែរ។

នៅពេលនោះ ដោយអ្នកបើកបររថយន្តរ៉េនរ៉ូវើរខាងលើស្រវឹងខ្លាំងពេក ក៏ជ្រុលចង្កូតមកខាងស្តាំ ទៅបុកពីក្រោយរថយន្តស្ទូចខាងលើចំពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ ដែលរួមដំណើរនៅលើរថយន្តរ៉េនរ៉ូវើរ សន្លប់ស្ដូកស្ដឹង ចំណែកឯរថយន្តរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តស្ទូចរងការខូចខាតបន្តិចបន្តួច។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ភ្លាមនោះៗ រថយន្តសង្គ្រោះបន្ទាន់ បានចុះមកដឹកស្ត្រីរងគ្រោះ ទៅសង្គ្រោះតែម្ដង។

ដោយឡែករថយន្តទាំងពីរគ្រឿង ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់