ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉ក បុករថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉ក បុករថយន្ត បញ្ច្រាសទិសដៅគ្នា ស្ថិតនៅលើផ្លូវលេខ៧៣ (ក្រចេះ-ឆ្លូង) នៅចំណុចលើស្ពានព្រែកពាមទេ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី កាលពីវេលាម៉ោង២០នឹង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក យីវ សុមន្ថា ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តក្រចេះ បានឲ្យនៅព្រឹកថ្ងៃទី២៥ ខែមករា នេះថា ជនរងគ្រោះទី១-ឈ្មោះខ្នូ ណុប ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កខូចធ្ងន់(ស្លាប់), ទី២-ឈ្មោះណាយ ឆាយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា(ជាអ្នករួមដំណើរជាមួយរបួសធ្ងន់)។

លោកប្រធានការិយាល័យបន្តថា ជនរងគ្រោះ បានធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង(មិនពាក់មួកសុវត្ថិភាពទាំង២នាក់) មកដល់ចំណុចកើតហេតុលើ(ស្ពានព្រែកពាមទេ)ក៏បានបុកខឿនថ្មើរជើងស្ពានផ្នែកខាងស្តាំដៃរបស់ខ្លួនហើយវេចង្កូតទៅបុករថយន្ត១គ្រឿងម៉ាកហ្វតពណ៌សគ្មានផ្លាកលេខបើកធ្វើ(អ្នកបើកបររថយន្តគ្មានរបួស)ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ខូចធ្ងន់)។

លោកវរសេនីយ៍ឯក យីវ សុមន្ថា ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តក្រចេះ បានបញ្ជាក់ថាក្រោយពេលកើតហេតុរួចកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុពិនិត្យកន្លែងកើតហេតុ និងវាស់វែងរួច។

បច្ចុប្បន្នសពជនរងគ្រោះខាងលើបានប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនិងជនរងគ្រោះបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ។ ចំនែកវត្ថុតាងទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីបន្តនីតិវិធី ៕

មតិយោបល់