ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផ្លោះរបងផ្ទះបំណងលួចទ្រព្យសម្បត្តិ នៅខណ្ឌសែនសុខ

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨A ផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឯក ច្រូច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ក្បែរកន្លែងកើតហេតុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ បណ្ដាលមកពីរូបគេបានផ្លោះរបងផ្ទះប្រជាពលរដ្ឋ ដោយបំណងលួចទ្រព្យសម្បត្តិក្នុងផ្ទះ តែមិនបានសម្រេច ក៏ត្រូវបានប្រជាពលរដ្ឋសហការគ្នាឃាត់ខ្លួនបានតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរបែកក្អម ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់