ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីស្រ្តីពពោះចំនួន ៨ខែ គិតអ្វីលែងចេញព្រោះប្ដីបង្ហោះរូបលក់ខ្លួន ឲ្យមិត្តភក្តិហើយជំពាក់លុយគេទៀត ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន នៅមុខព្រះអង្គដងកើ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្រ្តីខាងលើ ដើរចេញពីផ្លូវ១៣៦ សំដៅទៅកន្លែងព្រះអង្គដងកើទាំងទឹកភ្នែក រួចក៏ចុះក្នុងទន្លេបម្រុងសម្លាប់ខ្លួន តែចូលបានត្រឹមពាក់កណ្ដាល ស្រាប់តែប្រជាពលរដ្ឋ និងប្រជាការពារសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ធ្វើការឃាត់ស្រ្តីរងគ្រោះស្រង់យកមកគោកវិញ។ ហើយស្រ្តីនោះរៀបរាប់ប្រាប់អំពីមូលហេតុ ដែលឈានដល់ការសម្រេចចិត្ត ទៅលោតទឹកគឺដោយសារគាត់ ជំពាក់បំណុលគេច្រើនពេក នៅក្នុងបន្ទុកគ្រួសារមានកូន ៣នាក់រួមទាំងក្នុងផ្ទៃ មានប្ដីជាជនជាតិអេស្ប៉ាញ រយៈពេលកន្លងមកគាត់បានទៅរស់នៅ ឯបរទេសជាមួយប្ដី ពេលអត់លុយប្ដីរបស់គាត់ បានបង្ហោះរូបគាត់លក់ខ្លួនឲ្យមិត្តភក្តិ ដើម្បីបានប្រាក់មកចាយវាយ លុះទ្រាំលែងបានគាត់ក៏ត្រឡប់មកស្រុកកំណើតវិញ។ មិនតែប៉ុណ្ណោះ ប្ដីគាត់បានយកប្លង់ដីរបស់បងស្រី ទៅបញ្ចាំជាង ២ម៉ឺនដុល្លារ និងបង់ការប្រាក់ក្នុងមួយខែៗ ១០០០ដុល្លារ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីធ្វើការសួរនាំដឹងរឿងហើយ សមត្ថកិច្ចបាននាំខ្លួនស្ត្រីរងគ្រោះ យកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីសួរនាំបន្ត រួចក៏នាំទៅផ្ទះសំណាក់របស់ជនរងគ្រោះ ដើម្បីឲ្យគាត់សម្រាក៕
មតិយោបល់