កណ្ដាលៈ ករណីអត្តឃាត (ចងកស្លាប់)កើតហេតុថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី ចំណុចបន្ទប់ដេកក្រោមផ្ទះជនរងគ្រោះ ស្ថិត នៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យិន ចាន់ថន ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ មានប្តីឈ្មោះ គិន ដេត អាយុ ៣៨ឆ្នាំ មានកូនរស់នៅក្នុងបន្ទុកចំនួន ០៣នាក់ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺពីប្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ឈ្មោះ គិន ដេត ជាប្តីកំពុងដេកនៅលើគ្រែខាងក្រៅផ្ទះ ពេលនោះជនរងគ្រោះជាប្រពន្ធបានមកដាស់ ខ្លួនជាប្តីឲ្យចេញទៅរកត្រីតែខ្លួនមិនព្រមទៅ ព្រោះមេឃកំពុងរកភ្លៀង ពេលនោះជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ដេក បន្ទាប់មកឈ្មោះ គិន ដេត ក៏បានចូលទៅបោសសម្អាតពិដាននៅក្នុងបន្ទប់ដេក ពេលកំពុងបោសសម្អតនោះ ជនរងគ្រោះបានក្រោកពីដេកហើយខឹងប្តី និយាយខ្លាំងៗថា៖ បោសអីពេលនេះរំខានណាស់ រួចក៏បានឈ្លោះប្រកែកគ្នាដោយពាក្យសំដីបន្តិចបន្តួច ឈ្មោះ គិន ដេត ជាប្តីក៏បានជិះម៉ូតូចេញទៅផ្ទះម្តាយបាត់ទៅ លុះដល់វេលាម៉ោង ១៧និង៣០នាទីទើបត្រឡប់មកវិញ ពេលមកដល់ផ្ទះឃើញទ្វាររបងចាក់សោរ ពីខាងក្នុងជាប់ក៏ស្រែក ហៅ
ប្រពន្ធតែមិនឮ ដោយមានការសង្ស័យ ក៏បានផ្លោះរបងចូលទៅក្នុងផ្ទះ ឃើញជនរងគ្រោះបានចងកនៅនឹងធ្នឹមផ្ទះកន្លែងគ្រែដេក ឃើញដូចនោះក៏បានស្ទុះទៅលើកប្រពន្ធទម្លាក់ចុះមកក្រោម រួចស្រែកប្រាប់អ្នកជិតខាង ដើម្បីមកជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា៖ ជនរងគ្រោះបានចងកដោយសារ៉ុង០១ ពណ៌ក្រហមផ្កាលឿង ហែកជាពីរចងជាប់នឹងធ្នឹមផ្ទះកំពស់ ២ម៉ែត្រពីគ្រែដេកមានស្នាមជាំត្រង់ក បែកបំពង់ក និងគ្មានស្លាកស្នាមអ្វីផ្សេងទៀតទេ ។
បញ្ជាក់៖ ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំថ្ងៃ ហើយកន្លងមកធ្លាប់បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនម្តង រួចមកហើយតែមិនបានសម្រេច
សពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់