ព័ត៌មានជាតិ

សន្តិសុខយាមខាងមុខ ចោរផ្លោះរបងចូលគាស់ទ្វារលួចលុយខាងក្រោយ ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ ឃ្លាំងស្តុកទំនិញមួយកន្លែង ខណៈដែលសន្តិសុខមានយាមប្រចាំដែរ តែនៅខាងមុខ ស្រាប់តែមានដៃជនសង្ស័យផ្លោះរបងចូល កាច់កាមេរ៉ាសុវត្តិភាព ផ្តាច់ប្រព័ន្ធសុវត្តិភាព ធ្វើសកម្មភាពគាស់ទ្វារឃ្លាំង ចូលក្នុងការិយាល័យ លួចលុយ បានសម្រេច ហើយគេចខ្លួនបាត់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ទើបភ្ញាក់ផ្អើល នៅឃ្លាំងស្តុកឥវ៉ាន់ តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមមេការ បានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើ ស្តុកទំនិញមកពីប្រទេសជប៉ុន ហើយរាល់ថ្ងៃយប់ សន្តិសុខ មានយាមតែខាងមុខ ខាងក្រោយរបងជុំវិញ ការងារធ្វើតែពេលថ្ងៃ យប់ឡើងបិទទ្វារ ហើយនៅព្រឹកថ្ងៃ១៥នេះ ខណៈដែល បុគ្គលិក នាយកក្រុមហ៊ុន មកចូលធ្វើការស្រាប់តែ ឃើញទ្វារឃ្លាំង ទ្វារការិយាល័យ ត្រូវបានជនសង្ស័យគាស់របើក ផ្តាច់សោចោល កាមេរ៉ាសុវត្តិភាព កាច់ បង្វែរខុសគោលដៅ ប្រព័ន្ធការពារ សុវត្តិភាព ស៊ីរ៉ែន កាត់ផ្តាច់ខ្សែចោល ។

តាមការពិនិត្យលើកាមេរ៉ាសុវត្តិភាព ឃើញថា ជនសង្ស័យ មានគ្នា៣នាក់ ពាក់ម៉ាស មួកសុវត្តិភាព ផ្លោះរបងចូលធ្វើសកម្មភាព នៅវេលាម៉ោង១ និង៤៣នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

តាមការអះអាង ពីមេការ ក្រោយរួមសហការជាមួយកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ឃើញថា ជនសង្ស័យចូលធ្វើសកម្មភាព ក្នុងបន្ទប់ការិយាល័យ លួចយកលុយក្នុង ថតតុ អស់៣០០ដុល្លារ រីឯឃ្លាំង ស្តុកឥវ៉ាន់ មានទ្វារមួយជាន់ទៀត មិនមានបាត់បង់ឡើយ ។

តែទោះជាយ៉ាងណាក្តី ករណីខាងលើ ខូចខាតទ្វារអស់២ លុយអស់៣០០ដុល្លារ កាត់ខ្សែសុវត្តិភាព កាមេរ៉ាសុវត្តិភាព កាច់បង្វែរខុសទិសដៅ តំណាងក្រុមហ៊ុន ប្តឹងសមត្ថកិច្ចឲ្យបន្តជួយស្រាវជ្រាវ មុខសញ្ញាលួចខាងលើ ៕

មតិយោបល់