ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូសុខៗ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: យុវជនម្នាក់បានបោកក្បាល និងថ្នល់ស្លាប់មួយរំពេច ខណ:កំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៏ ទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្ត នៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើត ទៅលិច ឆ្លងមកផ្លូវជាតិលេខ៦A បំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ខាងលើពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ អ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក បានបើករត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច បានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិវិញ៕

មតិយោបល់