ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើប មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ទៅមុខលែងរួច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប DS ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនិងមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក ម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-8479 បើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងសភាពស្រវឹងជោកជាំ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាមួយល្បឿនយ៉ាងលឿន។ មកដល់ចំណុចស្តុបកើតហេតុ ស្រាប់តែរថយន្តខាងលើ បានជ្រុលចង្កូតទៅខាងឆ្វេង រួចក៏ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត។ ចំណែកឯរថយន្តបង្កបានរងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច ប៉ុន្តែសំណាងហើត មិនមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែង និងបានទាក់ទងជូនសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក និងយកអ្នកបើកបររថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់