ព័ត៌មានជាតិ

មនុស្សក្មេងចាស់៨នាក់ ស្រុកបន្ទាយស្រី បានពុលនំបុ័ង កាលពីព្រឹកមិញ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ខណៈនៅស្រុកប្រាសាទបាគង ក៏មានករណីដូចគ្នានេះដែរ

សៀមរាបៈ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចំនួន០៨នាក់ រស់នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំប៉័ង ហើយត្រូវបានក្រុមគ្រួសារយកមកសង្រ្គោះនៅមណ្ឌលសុខភាព ឃុនរាម និង បានធូរស្បើយម្នាក់ រីឯចំពោះមនុស្ស០៧នាក់ផ្សេងទៀត គឺនៅសម្រាកមួយយប់ទៀតដើម្បីតាមដាន ។

ជនរងគ្រោះទាំង០៨នាក់នេះ រួមមាន : ១. ឈ្មោះ រ៉ន តាត ភេទស្រី អាយុ៣៨ ឆ្នាំ , ២.ស៊ីន សៅរី ភេទស្រី អាយុ៣ឆ្នាំ , ៣. ឈ្មោះ លាន ណាសា ភេទស្រី អាយុ៤ឆ្នាំ , ៤. ឈ្មោះលាន ដាលីន ភេទស្រី អាយុ២ឆ្នាំ , ៥. ឈ្មោះ ជីន សុផល ភេទប្រុស អាយុ៤ឆ្នាំ , ៦.ឈ្មោះ ជីន សុផាត ភេទប្រុស អាយុ២០ខែ , ៧. ឈ្មោះ ចក មករា ភេទប្រុស អាយុ៣ឆ្នាំ និង ៨. ឈ្មោះ ជីន ម៉ីយ៉ា ភេទស្រី អាយុ៦ឆ្នាំ បានត្រឡប់ទៅផ្ទះវិញហើយ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ករណីពុលនេះ គឺបងប្អូនប្រជាពលរដ្ឋ បានទិញពីអ្នកដើរលក់នំប៉័ងនៅតាមភូមិ ក្នុងស្រុកបន្ទាយស្រី ជាប់ជាប្រចាំ ហើយដែលអ្នកលក់នំប៉័ងនេះមានទីលំនៅ នៅស្រុកប្រាសាទបាគង ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក៏មានករណីពុលនំបុ័ងដូចគ្នានេះដែរ នៅចំនុចសាលា បឋមសិក្សាកំពង់ភ្លុក ស្ថិតភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្ត សៀមរាប បណ្ដាលឲ្យពុលក្មេងៗសិស្សសាលាចំនួន២៩នាក់ ក្នុងនោះស្រី២២នាក់ ដែលមានអាយុក្រោម១០ឆ្នាំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ដោយគ្រាន់តែក្អួត និងរាករូស ។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា៖ ករណីនេះ គឺ ក្មេងៗបានទិញនំបុ័ងញ៉ាំពីអ្នកគ្រូបង្ហាត់សិស្សបឋម នៅចំនុចសាលារៀនបឋមសិក្សាកំពង់ភ្លុក ឈ្មោះ ខ្ចៅ ម៉ារ៉ា អាយុ៤៥ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយអ្នកគ្រូបានទទួលយកពីម៉ូយ ឈ្មោះ សុខ លីន ភេទ ស្រី នៅភូមិ កញ្ជរ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ។

លោកបានបន្តទៀតថា បន្ទាប់ពីពុលរួច លោកបានបញ្ជូនទៅដេកពេទ្យឯកជនក្នុងឃុំកំពង់ភ្លុកចំនួន២១នាក់ និងបញ្ជូនទៅដេកពេទ្យនៅឃុំរលួសចំនួន៨នាក់ ហើយក្រោយពីការពិនិត្យរួច បានបញ្ចាក់ថា ករណីនេះគឺបណ្តាលមកពី ពុលនំ ប៉័ង ៕

 

មតិយោបល់