ព័ត៌មានជាតិ

ផ្ទះតៀម១ខ្នងត្រូវអគ្គីភ័យឆាបឆេះតែជាសំណាងត្រូវពន្លត់ទាន់ពេល

ភ្នំពេញ: អ្នកភូមិជាច្រើននាក់បានពួតដៃគ្នាជួយពន្លត់ភ្លើងដែលបានឆាបឆេះផ្ទះតៀម១ខ្នងស្ថិតនៅតាម ផ្លូវលេខ១០៧ ភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ។ប៉ុន្តែមិនអាចពន្លត់ឲ្យរលត់ទាំងស្រុងបានឡើយ គឺបានត្រឹមតែធ្វើឲ្យភ្លើងថមថយប៉ុណ្ណោះរហូតមានការជួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អង្គភាពនគរបាលតម្រួតបទបញ្ជាទើបរលត់ទៅវិញ។

ប្រជាពលរដ្ឋបាននិយាយថា ផ្ទះខាងលើនោះត្រូវបានបុរសម្នាក់ឈ្មោះផល រដ្ឋា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរលក់បន្លែជួលស្នាក់នៅ ហើយនៅមុនពេលកើតហេតុបុរសនេះបានបិទទ្វារផ្ទះចោលរួចបានចាកចេញទៅលក់បន្លែបាត់។លុះដល់ពេលកើតហេតុក៏ស្រាប់តែត្រូវភ្លើងឆាបឆេះ ហើយត្រូវបានអ្នកជិតខាងប្រទះឃើញ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មកក៏បាននាំគ្នាជួយពន្លត់ដោយការដងទឹកជះនិងយកទុយោបាញ់ទឹកប៉ុន្តែមិនបានរលត់ឡើយ រហូតមានមានការជួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អង្គភាពនគរបាលតម្រួតបទបញ្ជាទើបរលត់ទៅវិញ។

នគរបាលបាននិយាយថា អគ្គីភ័យនេះសង្ស័យផ្ដើមចេញពីការទុស្សេចរន្តអគ្គីសនី ហើយខណ:នោះមិនមាននរណាម្នាក់ត្រូវរងគ្រោះដោយការរលាកភ្លើងនោះទេ ចំណែកឯម្ចាស់ក៏មិនបានដឹងភ្លាមៗដែរ រហូតដល់អ្នកជិតខាងខលប្រាប់ទើបដឹង។ហើយនៅក្នុងផ្ទះនោះមិនមានទ្រព្យសម្បត្តិច្រើនទេដែលនៅក្រោយពេលមានគ្រោះអគ្គីភ័យកើតឡើងបណ្ដាលឲ្យខូចខាតដំបូលផ្ទះខ្លះៗរួមជាមួយទូឈើ១និងខោអាវមួយចំនួនប៉ុណ្ណោះ។នេះជាគ្រោះថ្នាក់ជាយថាហេតុដែលបងប្អូនប្រជាពលរដ្ឋទាំងអស់គួរមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នាព្រោះប្រសិនបើវាកើតឡើងច្បាស់ជាមានមហន្តរាយជាមិនខានឡើយ៕

មតិយោបល់