បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ មានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចយាមប្រចាំការ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ(អតីតផ្លូវភ្លោះ) ដោយមានរថយន្តដឹកដីខ្សាច់មួយគ្រឿងឡើងផ្លូវចំណោតមិនរួច ក៏ត្រូវបានថយក្រោយដែលមានចម្ងាយជាង៥០០ម៉ែត្រ មកបុកបង្គោលគីឡូម៉ែត្រ បង្គោលភ្លើង និងបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបង្កឲ្យខូចខាត តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ៖ រថយន្តដែលដឹកដីខ្សាច់បង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ប្រភេទកង់១០ ពាក់ស្លាកលេខ ព្រះសីហនុ 3A 5412 បើកបរដោយឈ្មោះ ញ៉ឹក សេងហ៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់ ។មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងត្បូងទៅជើង ដល់ចំណុចភ្លើងស្តុបដៃ៣២ មុខសាលាខេត្តបន្ទាយមានជ័យ បានឈប់រងចាំភ្លើងខៀវ ដើម្បីបន្តដំណើរ ក្រោយសញ្ញាភ្លើងខៀវឲ្យបន្តដំណើរហើយក៏ស្រាប់តែដាក់លេខមិនចូលរថយន្តបានថយក្រោយរហូតជាង៥០០ម៉ែត្រ បើទោះបីជាកម្លាំងនគរបាលការពារនៅទីនោះជួយយកឈើកល់កង់យ៉ាងណាក៏មិនជាប់ អ្នកបើកបរជាន់ហ្រ្វាំងក៏មិនជាប់ ថយមកដល់ភ្លើងស្តុបជិតបេនឡានចាស់ បានបុកបង្គោលភ្លើង១ បង្គោលគីឡូម៉ែត្រ១ បង្គោលសញ្ញាចរាចរណ៍ថ្មើជើង១ ម៉ូតូ១គ្រឿង ជាន់ម៉ូតូ១គ្រឿង និងបុកសំយាបផ្ទះលក់ឥវ៉ាន់ខូចប្រហែល៣០% និងបុកផ្ទះប៉ះសប់កង់ឡាន លក់កង់ឡាន ខូចខាត ប្រហែល៧០% ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ លុះដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទើបកាយដីខ្សាច់ចេញពីរថយន្តបង្ក ផ្ទេរទៅដាក់រថយន្តផ្សេង ទើបអាចយករថយន្តនោះបាន យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ ។ ចំពោះសម្ភារខូចខាតនោះ នៅមិនទាន់ដឹងពីចំនួនទឹកលុយប៉ុន្មាននោះទេ តែសំណាងល្អដែលមិនបង្កឲ្យរងគ្រោះដល់មនុស្ស ៕
មតិយោបល់