ព័ត៌មានជាតិ

ស្ត្រីម្នាក់ បែកគំនិតយកកន្ត្រៃកាត់ខ្សែកប្លាទីនទម្ងន់២ជី ពីក្មេងស្រីអ្នកលក់ដូរជួយចាប់ប្រគល់ឲ្យនគរបាល

ភ្នំពេញៈ ស្ត្រីម្នាក់ បែកគំនិតធ្វើសកម្មភាពយកកន្ត្រៃកាត់ខ្សែកប្លាទីន ពីក្មេងស្រីតូចដែលម្តាយគេកំពុងពរឈរទិញបន្លែក្នុងផ្សារសារឿនយ៉ានី លើកទី១មិនសម្រេចត្រូវម្តាយក្មេងឃើញទាន់ស្រែកចោរៗផ្អើលអ្នកលក់ដូរក្នុងផ្សារដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ដង្កោ យកទៅធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារសារឿនយ៉ានី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាន់ ចាន់ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ជាម្តាយរបស់ក្មេង។ ចំណែកជនសង្ស័យមានឈ្មោះ ចាន់ នូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានពរកូនស្រីដើរចេញពីផ្ទះជួល ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ពេលមកដល់គាត់កំពុងតែដើររកទិញត្រកួនយកទៅស្លរនៅក្នុងផ្សារសារឿនយ៉ានី ហើយគាត់ក៍ឈរសម្លឹងមើលរកទិញម្ហូប ស្រាប់តែលឺសម្លេងកូនស្រីដែលគាត់កំពុងតែពរស្រែកយំ ទើបក្រឡេកមើលកូនឃើញស្ត្រីម្នាក់យកកូនកន្ត្រៃកំពុងតែកាត់ខ្សែកប្លាទីន ទម្ងន់២ជី របស់កូនស្រីគាត់ ទើបគាត់ស្រែកចោរៗលួចកាត់ខ្សែកកូនខ្ញុំ ផ្អើលប្រជាពលរដ្ឋអ្នកលក់ដូរបានឃើញនិងជួយចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដង្កោ តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

មតិយោបល់