ព័ត៌មានជាតិ

តំណាងអយ្យការកំពុងចាត់ការសំណុំរឿង យកគ្រាប់បែកចូលមន្ទីរទេព្យជោរៃ

 ភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងតែពិនិត្យ និងបើកការស៊ើបសួរ លើសំណុំរឿង បង្កៃគ្រាប់បែកនៅមន្ទីរទេព្យជោរៃ។
ប្រភពបន្ដថា ទោះជាយ៉ាងណា តំណាងអយ្យការខាងលើនៅមិនទាន់ បានសម្រេចចោទប្រកាន់លើជនសង្ស័យនៅឡើយទេ ដោយរងចាំបន្តនីតិវិធីនៅរសៀលថ្ងៃនេះបន្ដទៀត។
សូមបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូន នៅព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៧ នេះបាន ជនសង្ស័យឈ្មោះ ឡូ ប៉ិចដារិទ្ធ ភេទប្រុស អាយុ៣៣ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួមនិងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកគ្រាប់បែកចូលទៅក្នុងបរិវេន មន្ទីពេទ្យជោរ៉ៃ កាលពីពាក់កណ្តាលយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។

ទាក់ទងករណីនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីរកឃើញគ្រាប់បែកនៅ មន្ទីរពេទ្យជោរ៉ៃ មិនមែនជាការដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យនោះទេ ប៉ុន្តែជាករណីកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់។ 

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា តាមការស្រាវជ្រាវជំហ៊ានដំបូងមុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែកថា ទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្តុំត្រែងត្រយឹង កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ អញ្ចឹងម្ចាស់ម៉ូតូបានដាក់គ្រាប់បែក នៅក្នុងខ្លុបម៉ូតូស្កុបពី ហើយដោយសារប្រញ៉ាប់ចូលទៅមើលឪពុកពេលដែលយកម៉ូតូទៅផ្ញើ ក៏មិនបានដកសោម៉ូតូ អញ្ចឹងហើយសន្តិសុខ ដែលយាមការពារនៅ មន្ទីរពេទ្យ បានយកសោម៉ូតូទៅចាក់បើកខ្លុបម៉ូតូដើម្បីឆែកមើលក្រែងមានអីវ៉ាន់ ពេលនោះក៏ឃើញមានថង់មួយ រួចក៏យកថង់ហ្នឹងក្នុងចេតនាចង់យករបស់គេ។

បន្ទាប់ពីយកថង់នោះ ចេញឆ្ងាយពីម៉ូតូរួចមកក៏ឆែកទៅឃើញគ្រាប់បែក ក៏ភ័យរួចក៏យកទៅទំលាក់នៅក្បែរម៉ូតូវិញ ហើយក៏ស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើលឆោឡោឡើង បន្ទាប់មកសមត្ថកិច្ច ក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក។ សរុបមកវិញករណីនេះ មិនមែនជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះ នៅក្នុងមន្ទីរពេទ្យជោរ៉ៃនោះទេ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពិតប្រាកដថា ប្រភពគ្រាប់បែកហ្នឹងមកពីណា គោលដៅណា ហើយបច្ចុប្បន្នកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខ ដើម្បីមកធ្វើការបំភ្លឺ និងស៊ើបអង្កេតបន្តទៀត។

គួររំលឹកថា កាលពីពាក់កណ្តាលយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧កនញ្លងទៅ សន្តិសុខយាមមន្ទីរពេទ្យបានប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BE-7901 នៅមន្ទីរពេទ្យជោរ៉ៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

មតិយោបល់