ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច!

កែប: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តនិងម៉ូតូមួយគ្រឿង បើកបញ្ច្រាស់ទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីខាងម៉ូតូដែលស្លាប់នោះ ម៉ាក Vave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈួន ប៊ិច អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ ខេត្តកែប បានស្លាប់នៅកន្លែងកើតហេតុ ហើយត្រូវបាន រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹកដឹកទៅគេហដ្ឋានដើម្បីធ្វើបុណ្យ។

ចំណែកភាគីខាងរថយន្តបង្កវិញ ម៉ាកហីណូ ពាក់ស្លាកលេខ តាកែវ 3A-1198ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ នោះទេ។

ក្នុងនោះដែរសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុអ្នកបើកម៉ូតូស្រវឹង ហើយបច្ចុប្បន្នមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕

មតិយោបល់