ព័ត៌មានជាតិ

ស្ត្រីពោះធំម្នាក់ ត្រូវចោរឆក់បានសម្រេច តែប្ដីដេញតាមតាំងពីខណ្ឌទួលគោក ដល់ខណ្ឌដូនពេញ ទើបចាប់បានម្នាក់ និងយករបស់មកវិញ

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវជនរងគ្រោះ សហការជាសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រួមជាមួយកងសន្តិសុខក្នុងការដ្ឋានមួយកន្លែង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខA6.2 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីពោះធំជាង៨ខែម្នាក់ បានសម្រេចនៅខណ្ឌទួលគោក ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ តែ លាងហ៊ុយ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមសម្ដីជនរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានជិះម៉ូតូឌុបគ្នាមកពីហូបអី រួចត្រឡប់មកផ្ទះវិញ ខណ:មកដល់ចំណុចមុខផ្ទះ ប្រពន្ធគាត់ក៏ចុះទៅបើកទ្វារ ដោយស្ពាយកាបូបភ្ជាប់ជាមួយ ធ្វើឲ្យជនសង្ស័យ២នាក់ឃើញ ក៏បានធ្វើសកម្មភាពឆក់កាបូប ពីប្រពន្ធទាំងកំពុងពពោះជាង៨ខែបានសម្រេច បណ្ដាលឲ្យដួលរលាត់ខ្លួនប្រាណ រួចពួកគេក៏ព្យាយាមជិះគេចខ្លួន តែត្រូវបុរសជាប្ដីជិះដេញតាម និងស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្រះចក ខណ្ឌដូនពេញ រហូតដល់ម្ដុំក្ដាន់២ ទើបជនសង្ស័យផ្ដួលម៉ូតូ និងបោះកាបូបចោល នាំគ្នារត់ដល់ផ្លូវA6 រ៉ារទេះភ្លើង ចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់។

ចំពោះកាបូបលុយ ត្រូវបុរសជាប្ដីយកបានមកវិញ ដោយមិនបាត់បង់ទ្រព្យសម្បត្តិក្នុងកាបូបនោះឡើយ ។ ចំណែកជនសង្ស័យខាងលើ រួមនឹងម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើកំណត់ហេតុ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទួលគោក ដែលជាម្ចាស់ទឹកដី ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់