ភ្នំពេញៈ ផ្ទះមួយកន្លែងក្នុងភូមិគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនសង្ស័យធ្វើសកម្មភាព ហែករបងស័ង្កសី គាស់ទ្វារចូលលួចលុយអស់៥លានរៀល និងលុយដុល្លារអស់៦ពាន់ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលម្ចាស់មិននៅផ្ទះ រវល់នាំក្រុមគ្រួសារ ប្រពន្ធកូនដើរលេង មកវិញទើបដឹងថាអស់រលីង ក៏ឆោឡោ ប្តឹងសមត្ថកិច្ចចុះពិនិត្យ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុង វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះ សៅ ឆេងឡាង អាយុ៣៩ឆ្នាំ ទាំង២នាក់ ប្រកបមុខរបរ ដឹកបន្លែពីផ្សារដើមគ បោះឲ្យម៉ូយតាមផ្សារនានា រស់នៅផ្ទះកើតហេតុ មានកូន៣នាក់ ស្រី១នាក់ ប្រុស២នាក់ ជាកូនភ្លោះ រស់នៅក្នុងបន្ទុក ។
តាមការឲ្យដឹងពីជនរងគ្រោះ មុនកើតហេតុ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហានេះ គាត់ទាំងក្រុមគ្រួសារ បងប្អូនផ្ទះជាប់គ្នា បានចាកចេញទៅដើរលេងឯភ្នំតាម៉ៅ ស្រុកបាទី លុះវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃដដែល វិលមកវិញ ចាក់សោទ្វារមុខចូល ស្រាប់តែឃើញទ្វារក្រោយ របើកចំហរ មានស្នាមគាស់ មើលទូដាក់ខោអាវ ឃើញស្នាមរើកកាយ ហើយលុយបាត់អស់៥លានរៀល និង៦ពាន់ដុល្លារ ពិនិត្យជាក់ស្តែង ចោរកាត់ហែកស័ង្កសីរបងខាងក្រោយ ផ្លោះចូលគាស់ទ្វារ រួចចូលលួចលុយបាត់អស់រលីង របស់ទ្រព្យផ្សេងទៀត មិនបាត់បង់ឡើយ ពោលបាត់តែលុយ សរុបជិត១ម៉ឺនដុល្លា ហើយគេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូសង់កូរ៉េ កញ្ចាស់មួយគ្រឿង នៅជាប់ផ្ទះកើតហេតុ។
ក្រោយពីដឹងថា ចោរចូលលួចលុយ ក៏ប្តឹងសមត្ថកិច្ចចុះទៅពិនិត្យ ជាក់ស្តែង និងប្តឹងស្នើសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ មុខសញ្ញាចោរលួចខាងលើ ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕
មតិយោបល់