ព័ត៌មានជាតិ

ខឹងនឹងឪពុកមិនលើកទូរស័ព្ទ មកដល់ផ្ទះទាស់ពាក្យសំដី ទាញអង្រែវាយពីក្រោយស្លាប់

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនអកត្តញូម្នាក់បានយកអង្រែបុកអង្ករប្រវែង១.៣០ម វាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកកូនអកត្តញូ ជាជនដៃដល់ឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេងនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បានផឹកស៊ី ហើយបានតេទូរស័ព្ទមកឪពុកនៅផ្ទះ តែឪពុកមិនបានលើក ។ពេលកូនអកត្តញូនេះមកដល់ផ្ទះក៏រករឿងកើតជាជម្លោះ ឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នា ។ពេលនោះឈ្មោះ ថន ធួន ខ្លាំងដោយអំណាចស្រា ទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុកខ្លួន ចំកញ្ចឹង ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។ជនដៃដល់ក្រោយពីវាយទៅលើឪពុកហើយក៏បានរត់គេចខ្លួន ។ពេលនេះ កម្លាំងនគរបាលកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់