ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី សរុបជាង៨០០០នាក់ ត្រូវបានក្រុមការងារចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់សេវាចាក់វ៉ាក់សាំងជូននៅជុំទី៤ ដូសទី១

នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី ចំនួនជាង ២,០០០នាក់ មកពីភូមិព្រៃទា១ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចំនួនជាង ៥,០០០នាក់ មកពីភូមិទាំង៥ របស់សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមការងារចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់សេវាចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចាក់ជូនដូសទី១។
ក្រុមការងារបានណែនាំផ្សព្វផ្សាយអំពីគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយក៏ដោយក៏នៅតែបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដដែល សូមឱ្យរក្សាគម្លាតសង្គម ពាក់ម៉ាស់ឧស្សាហ៍លាងដៃនិងសាប៊ូ បាញ់អាល់កុលសំអាតដៃជានិច្ច។
លទ្ធផលដ៏ល្អប្រសើរខាងលើនេះគឺបានមកពីការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដូចជា ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកងទ័ពជើងគោក ជាពិសេសមានការណែនាំចង្អុលបង្ហាញផ្ទាល់ដល់ក្រុមការងារទាំងពីរ ពីសំណាក់ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស នឹងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងស្មារតី និងសម្ភារធ្វើឲ្យកិច្ចសហប្រតិបត្តិការផ្ដល់សេវាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក។
ក្នុងនាមកងឯកភាព បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ក៏ដូចជាក្រុមគ្រួសារកងទ័ព ប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនីទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្នុងកាលៈទេសៈដ៏លំបាកមួយនេះសម្ដេចតែងតែពុះពារគ្រប់ឧបសគ្គស្វះស្វែងរកជំនួយវ៉ាក់សាំងពីជាតិ អន្តរជាតិនឹងទិញវ៉ាក់សាំងមកចាក់ជូន ក្រុមគ្រួសារកងទ័ព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

មតិយោបល់