សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១និង២០នាទី នៅចំណុចមុខហាងលក់បបរស សុខសាន្ត ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីហិង្សាដែលបង្កឡើងដោយជនបរទេសម្នាក់ បានធ្វើសកម្មភាពវាយទៅលើផ្ទៃមុខជនរងគ្រោះជាច្រើនដៃ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
ជនបរទេសរូបនេះឈ្មោះ MILLIN MARK WILLIAM ភេទប្រុស កើតថ្ងៃទី១៩-០៣-១៩៦៥ ជនជាតិ ញូសឺឡែន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួល ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ម៉ម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ហេតុការណ៍នេះ បានកើតឡីងដោយសារមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច (ជិះម៉ូតូបុករថយន្តជនរងគ្រោះបណ្តាលឲ្យដួលខ្លួនឯង)។
បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបានលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លូនបណ្តោះអាសន្ននៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់