ភ្នំពេញៈ ក្មេងប្រុសអាយុជាង ២ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតនៅក្នុងប្រឡាយទឹកមួយ កាលពីវេលាម៉ោង ៩និង១៥នាទីនាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុវណ្ណ រាជ អាយុ ២ឆ្នាំ មានម្ដាយឈ្មោះ ភក្រ្ត យួន និងឪពុកឈ្មោះ វណ្ណ ជីវី មានទីលំនៅក្នុងភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពដដែលនិយាយបន្តទៀតថា រៀងរាល់ថ្ងៃស្រ្តីជាម្ដាយបានផ្ញើកូនប្រុសឲ្យនៅជាមួយជីដូននិងជីតា ជួយមើលការខុសត្រូវ ព្រោះនាងជាប់រវល់ទៅធ្វើការដោយឡែកកាលពីវេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នាងក៏ទុកកូនឲ្យនៅជាមួយយាយតាទៀត រួចក៏ចេញទៅធ្វើការដូចសព្វមួយដងដែរ ។ លុះដល់វេលាម៉ោង ៤ល្ងាចថ្ងៃដដែល ខណៈយាយតាភ្លេចខ្លួនពុំបានមើលក៏ស្រាប់តែបាត់ចៅប្រុស ពេលនោះពួកគាត់បានតាមរកគ្រប់កន្លែងតែរកពុំឃើញសោះ ហើយក៏ពុំដឹងថាចៅលង់ទឹកឡើយ។
ប្រភពដដែលបានរៀបរាប់ប្រាប់ទៀតថា ពេលនោះពួកគាត់ព្រមទាំងអ្នកភូមិបានជួយតាមរករហូតដល់យប់ក៏នៅតែមិនឃើញ ទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឆក់ឈើនាង ដើម្បីឲ្យនគរបាលជួយស្វែងរកទៀត។ លុះដល់វេលាម៉ោង ៩និង១៥នាទីនាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែមានគេប្រទះឃើញក្មេងប្រុសរូបនេះស្លាប់អណ្ដែតនៅក្នុងទឹកប្រឡាយមេ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២ទៅ៣គីឡូម៉ែត្រពីផ្ទះក្មេងប្រុសខាងលើ។
ប្រភពខាងលើបានបន្តថា ភ្លាមៗនោះគ្មាននរណាម្នាក់បានដឹងថា សពក្មេងប្រុសនេះអណ្ដែងមកពីទីណាឡើយ ហើយក៏រាយការណ៍ជូនអាជ្ញាធរ និងនគរបាលខណ្ឌកំបូលឲ្យជួយស្រាវជ្រាវ និងប្រកាសជូនដំណឹងដល់អ្នកដែលរស់នៅជាប់ប្រឡាយនេះបានដឹង ពេលនោះសាច់ញាតិក្មេងប្រុសរងគ្រោះបានទៅមើល ហើយក៏ស្គាល់ថាជាចៅរបស់ខ្លួនដែលបានបាត់កាលពីវេលាល្ងាច។
ក្រោយពេលកើតហេតុនគរបាលបានធ្វើការពិនិត្យកោសល្យវិច័យ ហើយសង្ស័យថាក្មេងប្រុសរូបនេះស្លាប់ដោយសារលង់ទឹក រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់