កំពតៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ដដឹកស៊ីម៉ងត៍ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានអោយដឹងថា មន្ដ្រីនគរបាលរងគ្រោះទាំង៥នាក់ដែលស្លាប់និងរងរបួសនោះរួមមាន ៖
ទី១.លោកអនុសេនីយ៍ឯក ស្ងួន សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ មន្ត្រីនគរបាលច្រកទ្វារព្រែកចាក ជាអ្នកបើកបរ(ស្លាប់)។
ទី២.លោកវរសេនីយ៍ឯក ញឹបភីរក្ស ភេទប្រុស អាយុ៤៨ឆ្នាំ ប្រធានក្រុមចំណូលច្រកទ្វារព្រែកចាក ទីលំនៅភ្នំពេញ(ស្លាប់)។
ទី៣.លោកវរសេនីយ៍ទោ តាន់ផេង ភេទប្រុស អាយុ៣៧ឆ្នាំ នាយរងប៉ុស្តិ៍ច្រកទ្វារព្រែកចាក ទីលំនៅក្បាលរមាស (ស្លាប់)។
ទី៤.លោកអនុសេនីយ៍ទោ ឃី. ឡុក ភេទប្រុស អាយុ៣៨ឆ្នាំ មន្ត្រីក្រុមចំណូលច្រកទ្វារព្រែកចាក (អគ្គភស្តុភារ) ស្លាប់។
និងទី៥.លោកអនុសេនីយ៍ឯក ថៃ វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រែកចាក រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ដទាំង២គ្រឿងនេះ បានបើកបរក្នុងទិសដៅស្របគ្នា ដោយរថយន្ដរបស់មន្ដ្រីនគរបាល ម៉ាក Highlander ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z-0241 បានបុករថយន្ដសណ្ដោងរ៉ឺម៉កដឹកស៊ីម៉ងត៍ ពីក្រោយដែលគ្មានភ្លើងបំភ្លឺ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1861។
ដោយឡែកអ្នកបើកបររថយន្ដសណ្ដោងរ៉ឺម៉កដឹកស៊ីម៉ងត៍ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ៕
មតិយោបល់