កំពង់ឆ្នាំងៈ បុរសម្នាក់បានរងរបួសដាច់ជើងទាំងពីរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តធន់ធំ និងម៉ូតូសណ្ដោងរ៉ឺម៉ក នៅវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ហេតុការណ៍នេះកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលស្រុករលារប្អៀរ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យមានមនុស្សពីរនាក់ ប្ដីប្រពន្ធរងរបួសធ្ងន់ និងស្រាល។ ក្នុងនោះជនរង គ្រោះជាប្តីមាន ឈ្មោះ យល់ ប៉ាលី អាយុ ៣២ឆ្នាំ រងរបួស ធ្ងន់ដោយដាច់ជើងទាំងសងខាង ដោយជើងខាងឆ្វេង បានដាច់នៅនឹងកន្លែងកើតហេតុ រីឯជើងម្ខាងទៀតនៅជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ ឯស្ត្រីជាប្រពន្ធ មានឈ្មោះ វ៉ា ជីលី អាយុ ២៥ឆ្នាំ រងរបួសស្រាលជនរង គ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីកើតហេតុភ្លាមៗដែរ រីឯអ្នកបើកបររថយន្តក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល ។
ស្ត្រីជាប្រពន្ធ បានឲ្យសមត្ថកិច្ចដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះមានទីលំនៅក្នុងភូមិត្រពាំងក្រឡោង ឃុំលំពង់ស្រុកបាទីខេត្តតាកែវ ប្រកបមុខរបរដឹកគ្រឿងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាអំបោសបោសផ្ទះ កន្ទេល គ្រឿងជ័រ ពូក អង្រឹង ដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ។
ពួកគាត់បានដឹកសម្ភារៈទាំងនេះមកលក់អស់រយៈពេលជិត ១ខែមកហើយ ទើបតែលក់អស់នៅថ្ងៃនេះ ពួកគាត់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ព្រោះបែកពីផ្ទះចោលកូន ចោលចៅយូរថ្ងៃហើយ មិននឹកស្មានថា មកជួបគ្រោះថ្នាក់បែបនេះទៅវិញនោះទេជនរងគ្រោះជាប្តីមក ដល់ពេលនេះ កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅឡើយ៕
មតិយោបល់