ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ កំពុងតែចតឈប់នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យសម្ភពសួគ៌ា បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនិងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ុច បាវ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាអ្នកចាក់សាំងនឹងអ្នកគិតលុយនៅក្នុងម៉ាតមួយកន្លែងផងដែរ មានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្នាក់ផ្ទះជួលភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កជារថយន្តកុងតឺន័រម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-6599 បើកបរក្នុងទិសដៅពីកើតទៅលិចហើយចតឈប់នៅតាមចិញ្ចើមផ្លូវ។
ម៉ូតូជនរងគ្រោះម៉ាក BEAT ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ កណ្តាល1AI-8404 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន យ៉ាងលឿនដោយមិនបានមើលមុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រខាងលើ កំពុងតែចតឈប់នៅតាមចិញ្ចើមផ្លូវក្បែរគ្នា និងរថយន្តស្ទូចមួយគ្រឿងទៀត ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក BEATពណ៌ខ្មៅលាយស បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ដោយមិនបានមើលមុខវ៉ាក់អឺជាន់ហ្វ្រាំង មិនទាន់ជ្រុលទៅបុករថយន្តកុងតឺន័រពីខាងក្រោយ បណ្ដាលឲ្យបោកក្បាលនឹងរថយន្តសន្លប់ស្ដូកស្ដឹង ខណៈពេលភ្លាមៗ ត្រូវបានរថយន្តឯកជនសម្ភពសួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ តែជាអកុសលជនរងគ្រោះដាច់ដង្ហើមពេលទៅដល់មន្ទីរពេទ្យ បន្ទាប់មកសពត្រូវបានមន្ទីរពេទ្យសួគ៌ាដឹកយកទៅតម្កល់ទុកនូវវត្តទឹកថ្លា រង់ចាំផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ទៅពិនិត្យនិងប្រគល់សពឲ្យទៅក្រុមគ្រួសារ។ ចំណែកតៃកុងរថយន្តបង្កពេលភ្លាមៗនោះ ដោយឃើញសភាពជនរងគ្រោះធ្ងន់ធ្ងរពេក បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតយ៉ាងធ្ងន់ខ្ទេចរួញចូលគ្នា រីឯរថយន្តបង្កវិញរងរងការខូចផ្នែកខាងក្រោយ ដោយកំពិតកាងចូលគ្នាព្រមទាំងស្លាកលេខ។
ប្រភពព័ត៌មានបានបន្តទៀតថា រថយន្តកុងតឺន័រខាងលើសង្ស័យដឹកឥដ្ឋ បោះមកស្ទូចទំលាក់នៅចំណុចកើតហេតុ ពីព្រោះអីមានរថយន្តស្ទូចមួយគ្រឿងទៀត នៅទន្ទឹមជិតគ្នាតែមិនឃើញតៃកុងរថយន្តទាំងពីរ នៅកន្លែងកើតហេតុឡើយ។ ខណៈពេលភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ បានចុះទៅដល់ហើយបានធ្វើចរាចរណ៍ និងបញ្ច្រាសចរាចរណ៍ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងបន្តទៀត ហើយបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ បានចុះទៅវាស់វែងស្ទួចយកម៉ូតូ និងរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំការដោះស្រាយ ចំពោះសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់