ភ្នំពេញៈ រថយន្តដឹកដីបុក និងរថយន្តកាមរីហើមពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីហើម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2N-1697 បើកតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតរៀបនិងបត់ចូលទៅក្នុងលំនៅដ្ឋាន សំណង់វាលស្បូវ ខណៈពេលនោះក៏មាន រថយន្តដឹកដីពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1497 បើកស្របទិសគ្នាបានបុកពេញទំហឹង បណ្ដាលឲ្យអ្នកបើក បររថយន្តកាមរីហើមកៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងឡានដឹកដីបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ បានធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់