ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃក្រសួងមាហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុន ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានសហការជាមួយនិងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅនិងបំពេញការងាររបស់ជនបរទេសមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រីចំនួន១២នាក់។
ក្នុងប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តារោងសិប្បកម្មឈើ ផ្ទះជួល ឃ្លាំងមួយចំនួន ស្ថិតនៅក្នុងភូមិបឹងព្រលឹត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីបានឲ្យដឹងថា ដោយយោងទៅតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាអនុវត្តច្បាប់អន្តោប្រវេសន៍ របស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់នោះ។ កម្លាំងរបស់លោកតែងតែបានចុះអនុវត្តទៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ដោយបានធ្វើឡើងរាល់ទីតាំងស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសគ្រប់សញ្ជាតិទាំងអស់ និងតែងតែបានធ្វើការឃាត់ខ្លួននិងបណ្តេញចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ផងដែរ។
លោកក៏បានបន្តទៀតថា ជាក់ស្តែងក្នុងថ្ងៃនេះដែរ កម្លាំងរបស់លោកបានធ្វើការសហការជាមួយនិងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តារោងសិប្បកម្មកែច្នៃឈើ ផ្ទះជួល និងឃ្លាំងមួយចំនួននៅក្នុងសង្កាត់ព្រែកប្រានេះ។ ដោយក្នុងប្រតិបត្តិការនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រីសរុបចំនួន១២នាក់ ក្នុងនោះមានស្រី៤នាក់ ដែលបានកំពុងតែលួចចូលមកស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ ហើយពួកគេក៏ប្រឈមទៅនឹងការអនុសវត្តច្បាប់ដោយរង់ចាំធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញផងដែរ។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនេះដែរ ក្រុមជនជាតិវៀតណាម ប្រុសស្រីទាំង១២នាក់ ត្រូវបានធ្វើការឃាត់ខ្លួនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត៕
មតិយោបល់