ព្រះសីហនុៈ កាលពីរថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ មន្ត្រីជំនាញជលផល ខេត្ត ព្រះសីហនុ នាំយកកូនគ្រែងឈាមតូចៗចំនួនជាង៥០០គីឡូក្រាម ទៅប្រលែងក្នុងសមុទ្រវិញ ត្រង់ចំណុចតំបន់កោះខ្យង។
មន្ដ្រីជំនាញជលផលកំពង់សោមបានឲ្យដឹងថា កូនគ្រែងឈាម ដែលយកមកប្រលែងនាពេលនេះ គឺជាកូនគ្រែង ដែលកម្លាំងសមត្ថកិច្ចចំរុះ ធ្វើការចាប់ បានកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចតំបន់ស្រុកព្រៃនប់ តាមបណ្តោយផ្លូវជាតិលេខ ៤ ខណៈពេល ដែលក្រុមឈ្មូញដឹកតាមរថយន្ត តូរីស ចេញពីរតំបន់ភូមិ កោះខ្យង ក្នុងគោលដៅនាំយកទៅខេត្តកំពត នឹងបន្តយកទៅលក់នៅប្រទេសវៀតណាម។
កូនគ្រែងឈាមដែលចាប់បានខាងលើនេះ ជាប្រភេទកូនគ្រែងឈាមតូចបំផុត គឺ១គីឡូក្រាម មានចំនួនពី ២០០០ ទៅ ៣០០០គ្រាប់ ជាកូនគ្រែងស្ថិតនៅក្នុងការហាមឃាត់នៃច្បាប់ជលផល ហាមមិនឲ្យធ្វើការនេសាទ ឬ ធ្វើអាជីវកម្មនោះឡើយ ដោយកូនគ្រែងដែលអាចធ្វើការនេសាទ ឬ នាំយកធ្វើអាជីវកម្មចិញ្ចឹមដោយស្របច្បាប់ បាន គឺចាប់ទំហំចំនួនពី ២០០ ទៅ ៣០០គ្រាប់ ក្នុង១គីឡូក្រាម។ ករណីនេះ មន្ត្រីជលផល បានធ្វើការបញ្ជាក់ថា ចំពោះឈ្មួញល្មើស មិនត្រូវបាន ធ្វើការ ផាកពិន័យ ឬទោសទណ្ឌអ្វីទេ គឺគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាតាមនីតីវិធីនែច្បាប់ រួចដោះលែងទៅវិញ។
គួរបញ្ជាក់ថា កូនគ្រែងឈាមត្រូវការគេឃុបឃិតគ្នា ធ្វើការនេសាទខុសច្បាប់នៅក្នុង តំបន់ កោះខ្យងក្នុងពេលកន្លងទៅក៏ដូចជានាពេលបច្ចុប្បន្នក្នុង១ថ្ងៃៗរាប់តោន រួចហើយប្រមូល លក់ទៅឲ្យឈ្មួញ ដឹកយកទៅលក់នៅប្រទេសវៀតណាម គឺលក់ ក្នុង១គីឡូ ពីតម្លៃ១៥ដុល្លា ទៅ២០ ដុល្លា ខណៈពេលទិញពីប្រជានេសាទក្នុងតម្លៃ ១០០០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ៕
មតិយោបល់