ព័ត៌មានជាតិ

ជនបរទេសម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ​ បង្ក​ឡើងដោយរថយន្តកូរ៉េ ទម្ងន់មួយតោនមួយគ្រឿង បុក​ម៉ូតូម៉ាកវីវ៉ាមួយគ្រឿង​ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យ​បុរសជាជនបរទេសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ​(បាក់ជើងខាងស្តាំម្ខាង) នៅលើផ្លូវ៦០ម៉ែត្រ។

ដែល​ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉េម៉ាកហ៊ីយន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ២A-០០៤៨ មួយគ្រឿងដែលបើកបរដោយបុរសជនជាតិខ្មែរម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនមធ្យម លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BB-៨៥៤៨ មួយគ្រឿង ដែលបើកបរដោយបុរសជាជនបរទេសម្នាក់ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យ​បាក់ជើងខាងស្តាំម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

​ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌមានជ័យ ក៏បានចុះមកធ្វើការវាស់វែង និងភាគីទាំងពីរធ្វើការសម្របសម្រួលធ្វើការដោះស្រាយគ្នា ដោយភាគីរថយន្តកូរ៉េ បង្កយល់ព្រមចេញថ្លៃព្យាបាល​ជួសជុលម៉ូតូឲ្យបុរសជាជនបរទេស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់