ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីស្លាប់មួយគ្រួសារ នៅក្រុងព្រះសីហនុ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារធាតុថ្នាំពុល

ព្រះសីហនុៈ ករណីមនុស្សមួយគ្រួសារ ស្នាក់នៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម ស្លាប់បាត់បង់ជីវិត កាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយបុរសជាឪពុក និងកូនស្រីស្លាប់ក្នុងផ្ទះ និងស្ត្រីជាម្តាយបានស្លាប់ដូចគ្នា ពេលនាំទៅមន្ទីរពេទ្យ សមត្ថកិច្ច បញ្ជាក់តាមរបាយការជាបឋមថា ជនរងគ្រោះស្លាប់ ដោយសារធាតុថ្នាំពុល។

ប្រភពដដែល អះអាងជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ ក្នុងចំណោមម្តាយ ឬឪពុកដាក់ថ្នាំពុល ក្នុងអាហារ ដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល។

ជនរងគ្រោះជាឪពុកឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំមុខរបរ អ្នកម៉ៅការសំណង់ និងកូនស្រីឈ្មោះ លី ស៊ីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស ចំណែកស្ត្រីជាម្តាយឈ្មោះ ម៉ឹង ចាន់ផល អាយុ ៤១ មុខរបរ អ៊ុតសក់។

ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានទេអំពីដើមហេតុនេះថា កើតឡើងដោយសារមូលហេតុអ្វី ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ។

បច្ចុប្បន្នសម្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕

មតិយោបល់