ស្វាយរៀងៈ កម្លាំងកងរាជអាវុធហត្ថខេត្តតាមប្រម៉ាញ់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនវៀតណាម លួចបង្កប់ឈើក្រញូងក្នុងរថយន្តដឹកឆ្លងដែនចេញពីព្រះរាជណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។ ហើយត្រូវកងរាជអាវុធហត្ថបង្ក្រាបបាន កាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី១៩ កក្កដា នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខក្លោងទ្វាវត្តចំបក់ ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង។
បើតាមមន្រ្តីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរចំណុះ ៤៥កៅអី ម៉ាកហ៊ីយិនដាយ១គ្រឿងពាក់ស្លាកលេខ53N9333 ពណ៌ក្រហមដឹកអ្នកដំណើរ (ទីក្រុងហូជីមិញ-ភ្នំពេញ-សៀមរាប) មានលួចបង្កប់ឈើក្រញូងក្នុងក្លុបរថយន្ត ចេញពីខេត្តសៀមរាបមករាជធានីភ្នំពេញ រួចបានធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះមកខេត្តស្វាយរៀង ទិសដៅឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ប្រទេសវៀតណាម ទើបកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ កាន ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះឃាត់រថយន្តសង្ស័យ ហើយចុះឆែកឆេរដោយមានការសហការពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រកឃើញវត្ថុតាងមានបង្កប់ឈើក្រញូងចំនួន១០កំណាត់ស្មើ១៨២គីឡូក្រាម។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ ឈ្មោះ ង៉ូ វ៉ាំងហុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាមមានមុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅភូមិទី៦ សង្កាត់វិញឡុកអា ខណ្ឌមិញថាន់ ក្រុងហូជីមិញ ប្រទេសវៀតណាម (ជាម្ចាស់ឈើក្រញូងនេះ)។
បើតាមមន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹង កាលពីព្រឹកថ្ងៃទី២០កក្កដា ថា លទ្ធផលការពិនិត្យវាស់វែងឃើញថា ឈើប្រណិតប្រភេទក្រញូងចំនួន១០កំណាត់ ដែលមានប្រវែង១ម៉ែត្រ កំរាស់០,៥០ស.ម ទទឹង០,២០ស.ម គិតជាទម្ងន់ស្មើ១៨២គីឡូក្រាម និងដកហូតបានទូរស័ព្ទដៃចំនួន៤គ្រឿង។
មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបន្តទៀតថា ជនសង្ស័យឈ្មោះ ង៉ូ វ៉ាំងហុយ បានសារភាពថា ខ្លួនជាអ្នកបើកបររថយន្តដឹកអ្នកដំណើរភ្ញៀវពីក្រុងហូជីមិញ មកភ្នំពេញសៀមរាប ហើយបានទិញឈើប្រណិតពីអ្នកលក់ឈើនៅរាជធានីភ្នំពេញយកទៅទីក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីធ្វើតុកៅអីប្រើប្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ជនសង្សយ័ឈ្មោះ ង៉ូ វ៉ាំងហុយ ពីបទចោទតាមមាត្រា៩៦ និងពិន័យជាប្រាក់តាមមាត្រា៦៩ នៃច្បាប់ព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី២០ កក្កដានេះ ចំពោះរថយន្តនិងវត្ថុតាងឈើក្រញូងរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់