ភ្នំពេញៈ ពិតជាគួរឲ្យសង្វេគណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក PCXលឿនពេក ហើយដល់ផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវបោកក្បាល ជាមួយបង្គោលភ្លើង កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-9519 ។
យោងតាមកាមរ៉ាសុវត្ថិភាព ដែលថតជាប់សកម្មភាព របស់ជនរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោងផង ហើយជនរងគ្រោះមិនបន្ថយល្បឿនទៀត ក៏ជ្រុលចង្កូតមកបុកឃឿនចិញ្ចើមផ្លូវ ផ្លោងជាង១០ម៉ែត្រទៅបោកនិងបង្គោលភ្លើង បណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ចំណែកឯបង្គោលភ្លើង និងម៉ូតូរងការខូចខាតតិចតួច។
ក្រោយកើតហេតុ គេឃើញសាច់ញាតិជនរងគ្រោះទទួលបានព័ត៌មានថា ក៏ប្រញាប់ ប្រញាលមកមើល ទាំងក្ដីទុក្ខសោក។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយទ្បែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំប្រគល់ឲ្យសាច់ក្រុមគ្រួសារនៅពេលក្រោយ ៕
មតិយោបល់