ព័ត៌មានជាតិ

Update៖ ភ្ញាក់ផ្អើល! បុរសម្នាក់ បាត់ពីផ្ទះ១យប់ លុះព្រឹកឡើងប្រទះឃើញសាកសព

ភ្នំពេញៈ បុរសម្នាក់បានចាកចេញពីផ្ទះបាត់១យប់ ដោយប្រពន្ធបានខលរក និងចូលជាច្រើនដង ប៉ុន្តែអត់លើក លុះព្រឹកឡើងស្រាប់តែប្រទះឃើញសាកសព ដេកស្លាប់នៅក្រោមម៉ូតូរបស់ខ្លួន១គ្រឿង។

សាកសពត្រូវបានកម្មកររោងចក្រ ប្រទះឃើញកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវកោងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះធី អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល មានប្រពន្ធឈ្មោះសាន សុភី អាយុ៣៤ឆ្នាំ មានផ្ទៃពោះ៨ខែទៅហើយ។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-2840 ។

តាមការអះអាងពីស្រ្តីម្នាក់ ត្រូវជាម្ដាយក្មេកជនរងគ្រោះ បាននិយាយថា កូនប្រសារគាត់ ដែលទើបតែរៀបការជាមួយកូនស្រីគាត់ បានរយៈពេលជាង១ឆ្នាំតែប៉ុណ្ណោះ ហើយពេលនេះកូនស្រីគាត់មានផ្ទៃពោះ៨ខែទៅហើយ។ នៅល្ងាចថ្ងៃទី២១ ខែសីហា ជនរងគ្រោះ បានប្រាប់គាត់ និងប្រពន្ធរបស់ខ្លួនថា ទៅយកស្មៅគោនៅឯផ្ទះម្ដាយបង្កើត ស្ថិតក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ខណៈនោះពួកគាត់បានឃាត់មិនឲ្យទៅទេ ព្រោះយប់ទៅហើយ ប៉ុន្តែជនរងគ្រោះមិនព្រម ហើយបានចាកចេញទៅបាត់ មិនឃើញត្រឡប់ទៅផ្ទះវិញទេ។

ដោយមានការព្រួយបារម្ភខ្លាំង ពួកគាត់បានព្យាយាមខលរករហូតដែរ ប៉ុន្តែខលចូលមិនមានអ្នកលើក ហើយក៏គិតថាជនរងគ្រោះ ដេកនៅផ្ទះម្ដាយបង្កើត ទើបអត់បានតាមរក តែអ្វីដែលនឹកស្មានមិនដល់ ស្រាប់តែព្រឹកឡើង ប្រទះឃើញស្លាប់ក្រោមម៉ូតូបែបនេះទៅវិញ។

នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២១ ខែសីហា បុរសរងគ្រោះ បានផឹកស៊ីជុំគ្នា ជាមួយមិត្តភក្ដិរួមការងារ រហូតដល់វេលាម៉ោង៧យប់ ទើបចាកចេញទៅផ្ទះម្ដាយ នៅភូមិអង្គស្នួល ហើយសង្ស័យថា ស្រវឹងស្រាទើបជិះម៉ូតូលឿន ដល់ផ្លូវកោងបត់មិនទាន់ ក៏ធ្លាក់ផ្លូវស្លាប់ដោយខ្លួនឯង ។

សូមបញ្ជាក់៖ សពជនរងគ្រោះ ខាងក្រុមគ្រួសារមិនមានការប្ដឹងផ្ដល់ទេ ហើយបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់