ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់

សៀមរាបៈ ប្រជាពលរដ្ឋភ្ជួរស្រែបានប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ខាងក្រោយបន្ទាយចាស់រថក្រោះភូមិភាគ៤ចាស់ ស្ថិតនៅក្នុងភូមិខ្វៀន សង្កាត់គោកចក សៀមរាប ក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញចាត់ការបន្ត។

លោកវរសេនីយ៍ឯក ឆេត ញ៉ានាយការិយាល័យនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះ ជាតំណាងលោកវរសេនីយ៍ឯក សំ សុជាតិ ស្នងការរង ជាប្រធានការិយាល័យ កណ្ដាល អាវុធជាតិផ្ទុះនិងអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលគ្រប់ទាំងនោះទុកកន្លែងមានសុវត្ថិភាព។

គ្រប់យុទ្ធភណ្ឌដែលប្រជាពលរដ្ឋប្រទះឃើញនាពេលនេះ ជាប្រភេទក្បាលគ្រប់ ៨៥មីលីម៉ែត្រ ដែលខូចគុណភាព។ បច្ចុប្បន្ននេះ ត្រូវបានលោកធ្វើការទំនាក់ទំនងទៅកម្លាំងអង្គការស៊ីម៉ាក់ មកទទួលយកទៅរក្សាទុកកន្លែងមានសុវត្ថិភាព រង់ចាំធ្វើការកម្ទេចចោល។

ក្នុងនាមកងកម្លាំងនគរបាលខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលបានប្រទះឃើញគ្រាប់យុទ្ធគ្រប់ប្រភេទ សូមធ្វើការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលជំនាញ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចយើងចុះទៅត្រួតពិនិត្យ និងយកមករក្សាទុកកន្លែងដែលមានសុវត្ថិភាពដូចករណីខាងលើនេះជាដើម។

ម្យ៉ាងវិញទៀតដើម្បីជៀសវាងបង្ករគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចបណ្ដាលឲ្យពិការភាពអស់មួយជីវិតបាត់បង់ជីវិតទៀតផង៕

មតិយោបល់