តួកគី: កងទ័ពអាកាសតួកគីបាននិយាយនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងប្រភេទ F-16 របស់ប្រទេសតួកគី បានបន្តចាប់ផ្តើមធ្វើការវាយប្រហារទៅលើគោលដៅគណបក្សពលករឃឺដ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីខកខានមួយរយៈពេលដោយសារតែប្រទេសមួយនេះ បានទទួលរងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដែលបានសម្លាប់មនុស្ស, ចាប់ខ្លួនឃុំឃាំងនិងបណ្តេញចេញពីការងាររាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីថ្លែងការណ៍បានសរសេរឲ្យដឹងថា ពួកសកម្មប្រយុទ្ធ PKK ចំនួន ២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដែលបានកំណត់គោលដៅនៅក្នុងតំបន់ Hakurk នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ចលនានេះគឺជាប្រតិបត្តិការយោធាជាលើកដំបូង បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១៥ ខែកក្កដា ដែលជាកម្លាំងចលករជម្រុញឲ្យកងកម្លាំងអាកាសតួកគីនៅក្នុងការដើរតួនាទីសំខាន់មួយជាមួយប្រភេទ F-16 ដែលជាយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងរដ្ឋធានីអង់ការ៉ា រួមទាំងសភាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានប្រកាសថា គ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន ១៥.២០០នាក់ត្រូវបានបណ្តេញចេញពីការងារ, ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១.៥៧៧នាក់ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង, មន្ត្រីរាជការក្រសួងមហាផ្ទៃចំនួន ៨.៧៧៧នាក់ ត្រូវបានបណ្តេញចេញពីការងារ, បុគ្គលិកចំនួន ១.៥០០នាក់ ក្នុងក្រសួងហិរញ្ញវត្ថុត្រូវបានបណ្តេញចេញពីការងារ និងមនុស្សចំនួន ២៥៧នាក់ កំពុងធ្វើការនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេបណ្តេញចេញពីការងារ។
ដំណឹងនេះបានកើតឡើងនៅពេលដែលមានការចាប់ខ្លួនមន្ត្រីយោធាផ្ទាល់ខ្លួនជាង ៦.០០០ នាក់និងការបណ្តេញមន្រ្តីនគរបាលជិត ៩.០០០នាក់។ ហើយចៅក្រុម (អ្នកកាត់ក្តី) ប្រមាណជា ៣.០០០នាក់ ត្រូវបានព្យួរការងារ។
សូមញ្ជាក់ថា បើយោងតាមតួលេខជាផ្លូវការដែលជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សជិត ៣០០នាក់ស្លាប់និងមនុស្ស ១.៥៤១នាក់រងរបួស៕
មតិយោបល់