ព័ត៌មានជាតិ

ជនជាតិចិនមួយក្រុមស្រវឹងស្រាជោកជាំ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រៀបដល់ដី នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ បង្គោលភ្លើងមួយដើម បានបាក់កាត់ទទឹងផ្លូវ និង របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤កង់ រងការខូចខាត បន្ទាប់ពីជនជាតិចិនមួយក្រុមស្រវឹងស្រា បើករថយន្តតាកូមា ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ ជ្រុលទៅបុកពេញទំហឹង កាល ពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី កែងនិងផ្លូវ២០០៩ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាតិចិនជាអ្នកបើកបរម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ រង់ចាំប្រគល់ឲ្យទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុគេបានឃើញ រថយន្តម៉ាកតាកូមា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AK-6983 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២០០៩ ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏បួងចង្កូតទៅទិសខាងលិច ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៤កង់ និង រុញរបាំងថ្មទៅបុកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ដែលជាប់របាំងថ្ម បណ្តាលឲ្យបាក់មួយដើម ដួលកាត់ទទឹងផ្លូវ ចំណែករថយន្ត បង្ករងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យនណាម្នាក់ រងរបួស ឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុគេឃើញជនជាតិចិនចំនួន៣នាក់ ចេញពីរថយន្តដើរត្រេតត្រោត សុទ្ធតែស្រវឹងស្រាជោកជាំ ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏ឃាត់ អ្នកបើករថយន្តទៅសួនាំ រង់ចាំប្រគល់អោយជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកធ្វើកាវាស់វែងយករថយន្ត និងម្ចាស់ទៅដោះស្រាយតាមច្បាប់៕

មតិយោបល់