បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណីលួចម៉ូតូ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះឈ្មោះ ថៃ សាមឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ទៅផ្ទះថៅកែដើម្បីបើកប្រាក់ខែ ទៅដល់ផ្ទះថៅកែ ខ្លួនបានចតម៉ូតូនៅមុខផ្ទះ ហើយចូលទៅក្នុងផ្ទះថៅកែ លុះចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយទទួលបានពាក្តបណ្តឹង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ យី លីហុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ។
ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចម៉ូតូ ដែលមានភិនភាគខាងលើ ប្រាកដមែន ហើយម៉ូតូដែលលួចបាននោះ ខ្លួនបានយកទៅដាក់បញ្ចាំ ដើម្បីយកលុយលេងល្បែង ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ៖ ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួចម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់