ព័ត៌មានជាតិ

ខូចចិត្តរឿងស្នេហ៍ យុវជនម្នាក់ ប៉ុនប៉ងបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន តែមិនសម្រេច ដាច់ធ្លាក់រងរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់ខូចចិត្តព្រោះបាត់ស្នេហ៍ បានប៉ុនប៉ងចង.កសម្លាប់ខ្លួន ដោយយកខ្សែជ័រ មកចងតែបែរជារបូត បណ្ដាលឲ្យដាច់ធ្លាក់ តាំងពីជាន់ទី៣ មកទាក់ខ្សែភ្លើងដាច់រប៉ាត់រប៉ាយមកដីរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនខាងលើ ឈ្មោះ ធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី៣ រួមជាមួយបងប្អូនគ្នា៥នាក់ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីសាច់ញាតិ យុវជនខាងលើ ខូចចិត្ត ស្រឡាញ់នារីម្នាក់ ចង់ចងសម្ព័ន្ធភាពស្នេហាជាមួយនាង តែមិនបានសម្រេច ដោយសាររនាំងវណ្ណៈស្នេហ៍ ទើបធ្វើឲ្យយុវជនខាងលើខូចចិត្ត ត្បិតខកស្នេហ៍ រហូតនៅព្រឹកថ្ងៃនេះ ខណៈដែលបងប្អូន កំពុងដេកសម្រាក មិនទាន់ងើបចេញពីបន្ទប់ ឆ្លៀតឱកាសស្ងាត់នៅឡើយ យុវជនគិតខ្លី យកប្រដាប់ថ្ពក់ហាលខោអាវ ជ័រ មកចង ភ្ជាប់នឹងដែកពិដាន ក៏ប៉ុន្តែ ទម្ងន់មនុស្សធ្ងន់ ធ្វើឲ្យដាច់រហូតដែក ទាក់ដាច់ទាំងខ្សែភ្លើង ធ្លាក់តាំងពីជាន់ទី៣ ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះ តែមិនឃើញរថយន្តសង្គ្រោះខាងណាមកជួយ ទីបំផុតក៏ត្រូវបានអ្នកជិតខាង យករថយន្តផ្ទាល់ខ្លួន មកជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់