ភ្នំពេញៈ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ត្រឹមតែ ១ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បាញ់ចំនួន ៨គ្រាប់ ប្រព្រឹត្តកាលពីម៉ោង១០ និង ៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៤៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តុលាការមែន។
ជនជាប់ចោទបាន សារភាពថា នៅយប់កើតហេតុមានគេជិះម៉ូតូយកដំថ្ម តាមគប់រថយន្តរបស់ខ្លួន ទើបខ្លួនសម្រេចបាញ់ចំនួន ៨គ្រាប់ដើម្បីការពារខ្លួន។
ជនជាប់ចោទថា កាំភ្លើងនោះខ្លួនទិញពីមិត្តភក្តិ ហើយគ្មានលិខិតបេសកកម្មទេ ក្រោយពីបាញ់រួចខ្លួនបានធ្វើឱ្យបាត់កាំភ្លើងនោះបាត់ហើយ។
គួររំលឹកថា ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលខ្មាន់កាំភ្លើងរូបនេះ ចូលខ្លួនតបតាមដីកា របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕





មតិយោបល់