ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួច

តាកែវ: នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីប៉ុនប៉ងលួច ប្រព្រឹត្តនៅចំណុចភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង២១ និង៣០នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។

ជនសង្ស័យទាំង០២នាក់៖ ទី១-ឈ្មោះ ឡាង សុខា ភេទ ប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ និងទី២-ឈ្មោះ ញ៉ាញ់ ដេត (ហៅដាំ)ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ- ឃុំជាមួយគ្នា ។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពប្រដាប់ដោយដាវដែក ០១ដើម កន្ត្រៃយ៍ និងកូនសោដែក គាស់ទ្វារផ្ទះប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិផ្ទះជនរងគ្រោះឈ្មោះ ម៉ម ស្រីភាព ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ តែត្រូវម្ចាស់ផ្ទះដឹងទាន់ ហើយបានប្តឹងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ ចុះអន្តរាគមន៍ ស្រាវជ្រាវមុខសញ្ញា និងល្បាតពួនស្ទាក់ តាមគោលដៅរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាង សុខា ខណ:ជនសង្ស័យ កំពុងរត់គេចពីសមត្ថកិច្ចល្បាត ។

លុះដល់ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០នាទី កម្លាំងជំនាញធ្វើការស្រាវជ្រាវ បន្តរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ញាញ់ ដេត។

ដកហូតវត្ថុតាងរួមមាន៖
-ដាវចំនួន ០១
-ដែកកាប់ចំនួន ០២
-កន្ត្រៃយ៍ចំនួន ០១ កូនសោរកកំផ្លេចំនួន ០៤
-ថ្នាំញៀន០១កញ្ចប់ និងសម្ភារ:មួយចំនួនទៀតផងដែរ៕

មតិយោបល់