ព័ត៌មានជាតិ

ចប់ហើយយើង!! ចាប់ពីពេលនេះតទៅនគរបាលនឹងធ្វើការផាកពិន័យទៅអ្នកបើកបរ និងអ្នករួមដំណើរដែលមិនពាក់មួកសុវត្ថិភាព

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក សន គឹមសួរ នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានផ្តល់នូវបទសម្ភាសន៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានដឹងថា ក្រោយពីពិនិត្យអប់រំ ណែនាំ ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ មិនពាក់មួកសុវត្ថិភាព ដោយអនុវត្តតាមការណែនាំរបស់គណ:កម្មាធិការជាតិត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន អស់រយ:ពេល១ខែកន្លងមកនេះ ។

បន្ទាប់ពីនគរបាលបានចុះអនុវត្តមក ឃើញថាអ្នកដែលយកមួកសុវត្ថិភាពមកពាក់ចំនួន៩,០៣៩ នាក់ អ្នកដែលទៅទិញមួកសុវត្ថិភាពមកពាក់ចំនួន២,១០៣នាក់ ។ ជាមួយគ្នានោះដែរ ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យា ក្នុងរយ:ពេល១ខែពេញមក ចាប់ពីពេលនេះទៅ គឺសមត្ថកិច្ចនគរបាលចរាចរណ៍នឹងអនុវត្តការរឹតបន្តឹងផាកពិន័យតាមច្បាប់ដែលបានកំណត់ គឺគ្មានការយោគយល់ ។ ​ព្រោះនេះគឺជាការតម្រូវឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាព ។

លោកនាយការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់ថា ៖ មួកសុវត្ថិភាពនៅទីផ្សារមានលក់អាចរកទិញបាន តែជីវិតរបស់បងប្អូននៅទីផ្សារមិនអាចរកទិញបានទេ ដូច្នេះស្នើសុំឲ្យបងប្អូនពាក់មួកសុវត្ថិភាពទាំងអស់គ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរ ហើយម៉ូតូ១ជិះបានតែ២នាក់ បើ៣នាក់ គឺក្មេងម្នាក់ បើក្មេងនោះអាយុចាប់ពី៣ឆ្នាំឡើង គឺត្រូវតែមានមួកសុវត្ថិភាពផងដែរ ​ហើយមិនចង់ឲ្យនគរបាលចរាចរណ៍រំខានដំណើររបស់បងប្អូន គឺត្រូវតែពាក់មួកសុវត្ថិភាព ដើម្បីការពារក្បាលពេលមានគ្រោះថ្នាក់ដួលបោកទៅនឹងថ្នល់៕

មតិយោបល់