ភ្នំពេញៈ រថយន្តមួយគ្រឿង ខណៈកំពុងបើកឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែក្បាលរថភ្លើង១គ្រឿង ទៅដល់បុករុញជាង១០ម៉ែត្រ បណ្ដាលរងការខូចខាតក្រពឹត១ ចំហៀងខ្លួនខាងស្ដាំ និងដាច់កង់ក្រោយខាងឆ្វេង១គ្រាប់ ។ ប៉ុន្តែសំណាងល្អ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែកក្បាលរថភ្លើង ក៏គ្មានការខូចខាតដូចជារថយន្តដែរ ព្រោះដែករឹងមាំជាង។
ឧប្បត្តហេតុនេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តខាងលើ ម៉ាកលុចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-0733 បើកបរដោយបុរសម្នាក់ មិនប្រាប់ពីអត្តសញ្ញាណឡើយ។ ប៉ុន្តែគាត់បានប្រាប់ថា គ្រោះថ្នាក់ដែលបានកើតឡើងនាពេលនោះ គឺដោយសារតែគាត់មើលមិនឃើញ ខណៈដែលខាងរថភ្លើងមិនបានចុចស៊ីផ្លេរជាសញ្ញា សម្រាប់គាត់ប្រុងប្រយ័ត្នឡើយ។ គាត់ក៏ដឹងថា រថភ្លើងមានអាទិ៍ភាពខ្លាំងណាស់ ព្រោះវាមានផ្លូវតែ១ ប៉ុន្តែបើចុចស៊ីផ្លេរក៏គ្មានគ្រោះថ្នាក់បានដែរ។
ប្រភពដដែល បានបន្ថែមទៀតថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្ត ធ្វើដំណើរពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុ គាត់បានឆ្លងផ្លូវដែក ក៏ស្រាប់តែរថភ្លើង ធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅលិចមកបុកនិងរុញរថយន្តរបស់គាត់ជាង១០ម៉ែត្រ ទើបឈប់ស្ងៀម។
ក្រោយពេលកើតហេតុបុរសជាម្ចាស់រថយន្ត មិនបានទាមទារសំណងទេ ដោយសុំយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ប៉ុន្តែខាងក្រុមហ៊ុនរថភ្លើង មិនទាន់ឆ្លើយតបឡើយ ព្រោះខណៈនោះបង្កឲ្យមានការស្ទះផ្លូវ មិនអាចឲ្យរថភ្លើង១ខ្សែផ្សេងទៀត ធ្វើដំណើរចូលភ្នំពេញបានឡើយ៕











មតិយោបល់