កណ្ដាលៈ ជនសង្ស័យប្តីប្រពន្ធ២នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ករណីនេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ត្រង់បន្ទប់ជួលក្នុងផ្សារកាច់ជ្រុង ស្ថិតក្នុងភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមមន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ វឿន វិរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង និងម្នាក់ទៀតឈ្មោះ កុច ផល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង ជនសង្ស័យទាំង២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នាបច្ចុប្បន្ន ស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទគ្រាប់ (WY) ចំនួន៨៧០គ្រាប់ ,ថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ ,ម្សៅក្រាមសថ្លា (ម៉ាទឹកកក) មិនទាន់ធ្វើតេស្តចំនួន៣កញ្ចប់មធ្យម ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២ (តូច១ និង ធំ១គ្រឿង) ,ម៉ូតូម៉ាកVIVA១១០ ពណ៌ក្រហមផ្លាក លេខភ្នំពេញ 1BK-4154 មួយគ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់ថ្នាំញៀន មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្តថា នៅវេលាកើតហេតុខាងលើ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យ២នាក់ប្តីប្រពន្ធ កំពុងធ្វើសកម្មភាព ជួញដូរថ្នាំញៀន នៅចំណុចកន្លែងកើតហេតុខាងលើ ។ បន្ទាប់ពីបានព័ត៌មានហើយ កម្លាំងនគរបាលប៉ុស្តិ៍តាខ្មៅ សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុង និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចុះទៅកន្លែងកើតហេតុ រួចធ្វើការត្រួតពិនិត្យ ឆែកឆេរ បានរកឃើញថ្នាំញៀន និងវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
នៅមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីបុរសម្នាក់ នៅម្តុំលក់សាច់ក្រក់ ផ្លូវជាតិលេខ៤ បុរីសង្ឃឹមថ្មីបន្ទាប់ទិញបានហើយ ខ្លួនបានយកថ្នាំញៀននេះទៅលក់ឲ្យគេបន្តទៀត៕
មតិយោបល់