បន្ទាយមានជ័យៈ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ច ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យថ្នាំញៀន នៅចំណុចជាយដែនកម្ពុជា ថៃចំនួន២នាក់ ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ដោយនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ច បាន ល្បាតពួនស្ទាក់ នៅចំណុចគោកចំការដំឡូងមីចម្ងាយប្រមាណ១,០០០ម៉ែត្រ ខាងជើងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក បានប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ ផៅ គាំហៅ(គាំង) ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ជាមុខសញ្ញា ចែកចាយគ្រឿងញៀន បន្ទាប់ពីឆែកឆេរលើខ្លួន និងកាបូបស្ពាយ រកឃើញថ្នាំញៀនប្រភេទគ្រាប់ ពណ៌ក្រហម មានអក្សរ WYចំនួន ២០គ្រាប់ ម្សៅក្រាមពណ៌សថ្លាចំនួន ៤ថង់ កាំបិតមុខស្រួច ចំនួន១ កាំភ្លើងខ្លីកែច្នៃចំនួន ១ដើម ទូរស័ព្ទ ១គ្រឿង និងម៉ូតូ១គ្រឿង ដែលជិះធ្វើសកម្មភាពចែកចាយ។
ជនឈ្មោះ ផៅ គាំ ហៅ (គាំង)នេះ មានដីកាបង្គាប់ឲ្យនាំខ្លួន លេខ២០២ ដបន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ យាប់ មេត្តា សាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្រោយពីចាប់ខ្លួន និងធ្វើការសាកសួរចម្លើយឈ្មោះ ផៅ គាំ ហៅគាំងមក កម្លាំងជំនាញបាន បន្តស្រាវជ្រាវរកបក្សពួកជាមេក្លោង ដើម្បីបន្តចាប់ខ្លួន ឈ្មោះស្វាត ឆាយ៉ា ហៅ(យ៉ា) ភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក តែត្រូវឈ្មោះឆាយ៉ានេះ មិនព្រមឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន បានព្យាយាមរត់កាត់ស្រែខាងកើតភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីគេច ត្រូវសមត្ថកិច្ចដេញតាម ជនសង្ស័យបានដកគ្រាប់បែកដៃ ទាញកន្លះបោកមកលើកម្លាំងសមត្ថកិច្ច សំណាងហើយមិនផ្ទុះ ទើបត្រូវកម្លាំងចាប់ឃាត់ខ្លួន នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ។
វត្ថុតាងដកហូតមាន៖ ថ្នាំញៀនប្រភេទគ្រាប់ ដែលមានអក្សរWY ចំនួន៣៨៤គ្រាប់ ពណ៌លឿងចំនួន៤គ្រាប់ ) ម្សៅសក្រាមពណ៌សថ្លាចំនួន១២ ថង(ខ្នាតកណ្តាល១កញ្ចប់) ទូរស័ព្ទដៃ២គ្រឿង ដាវសាំម៉ូរ៉ៃ១ដើម។
បច្ចប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិវិធីច្បាប់៕
មតិយោបល់