ព័ត៌មានជាតិ

មន្ទីរនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស(ក3)ចុះឆែកឆេទីតាំង បាន់នី បារ Bunny Bar បង្កប់សេវ៉ាផ្លូវភេទឃាត់ខ្លួនស្ត្រី៩នាក់រួមទាំងម្ចាស់ទីតាំងជាបុរសជនជាតិអូត្រាលីម្នាក់

ភ្នំពេញ: កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារបារាំង លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន បម្រើការងារ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុច បារមួយកន្លែង យីហោ បាន់នី បារ(Bunny Bar) ផ្ទះលេខ៩Eo ផ្លូវលេខ១០៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ដែលនោះ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា “ទីតាំងបារដែលមានយីហោ “បាន់នី បារ (Bunny Bar)” ខាងលើ មានលួចបើកសេវាកម្មបម្រើផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រើការងារ ។ ទើបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការសើបអង្កេតអស់រយះពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុ បានសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល វត្តភ្នំ បើកការបង្ក្រាបតែម្តង ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរ ទីតាំង លួច លាក់ បង្កប់ សេវាផ្លូវ ភេទ នេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបាន ធ្វើការ ឃាត់ខ្លួនមនុស្សសរុប៩នាក់ ក្នុងនោះមាននារីចំនួន ៨នាក់ និងបុរសបរទេសម្នាក់ ជាម្ចាស់ហាង មានឈ្មោះ ចន (John) អាយុ៦១ឆ្នាំ រួចនាំឡើងរថយន្តបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីធ្វើការសាកសួរបន្តទៀត។

បច្ចុប្បន្នក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង៩ រួមទាំងម្ចាស់ទីតាំងខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីរងចាំធ្វើការសាកសួរ យកចម្លើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់