សៀមរាបៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម លាង ឆាលី អនុរដ្ឋលេធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត និងមន្ត្រីអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល រួមទាំងប្រធាន អនុប្រធានមន្ត្រីមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និង ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងរដ្ឋបាលក្រុងសៀមរាប បានចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងស្ថានីយលក់ និងបញ្ចូលហ្គាសធុង-រថយន្តចំនួន០២កន្លែង នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ក្រុមការងារបានពិនិត្យឃើញស្ថានីយលក់ និងបញ្ចូលហ្គាសធុងនិងរថយន្តចំនួន០២កន្លែងនេះ ពុំទាន់រៀបចំស្ថានីយត្រូវតាមស្តង់ដារដែលបានកំណត់ក្នុងលិខិតបទដ្ឋានជាធរមាន។
ដោយពិនិត្យឃើញដូចនេះ ក្រុមការងារបានផ្អាកសកម្មភាពបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាសជាបណ្តោះអាសន្ន ដោយត្រូវរេីឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងស្ថានីយ ដែលស្ថិតនៅគៀកនឹងលំនៅដ្ឋាន ហើយបានណែនាំម្ចាស់ទីតាំងអាជីវកម្មដាក់ពាក្យសុំលិខិតអនុញ្ញាត និងគោរពតាមលក្ខខណ្ឌនិងបទដ្ឋានបច្ចេកទេស រួមទាំងអនុលោមតាមច្បាប់ជាធរមាន។
ទន្ទឹមនឺងនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់ម្ចាស់ស្ថានីយទាំងអស់ក្នុងខេត្តសៀមរាប សូមប្រកបអាជីវកម្មឱ្យមានការសុំច្បាប់ដែលបានកំណត់ និងសាងសង់ស្ថានីយទៅតាមស្តង់ដាររបស់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងរ៉ែនិងថាមពលជៀសវាងមានការកើតឧបទ្ទេវហេតុណាមួយកើតឡើងជាយថាហេតុ ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត ដោយមានលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុងសៀមរាប បានចុះធ្វើការពិនិត្យ នូវរាល់ទីតាំង ធ្វើអាជីវកម្មបញ្ចូលហ្គាស នៅក្នុងក្រុងសៀមរាប ក្នុងនោះបានផ្អាកនូវរាល់សកម្មភាពបញ្ចូល ផ្ទេរ និង ស្តុកទុកហ្គាសជាបណ្តោះ អាសន្ននៅទីតាំងចំនួន០៣កន្លែង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមមានទីតាំងនៅភូមិមណ្ឌល១ , ភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង និង បានណែនាំដល់ម្ចាស់ទីតាំងប្រកបអាជីវកម្ម និងបញ្ចូលហ្គាសកំប៉ុងទាំង៣កន្លែងនេះ ឲ្យធ្វើការរើឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់ ដែលទីតាំងទាំងនោះជាផ្ទះថ្មក្រោមឈើលើ , ផ្ទះល្វែង និងបន្ទប់បញ្ជូលហ្គាស ព្រមទាំងបានតម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្ម ត្រូវធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និង ត្រូវគោរពទៅតាមលក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមានទៀតផង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ មានហេតុការណ៍ផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប បណ្ដាលឲ្យមានអ្នករងរបួសចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៣នាក់៕
មតិយោបល់