ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្ញៀវទេសចរជាង ២,០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រកម្ពុជា

ព្រះសីហនុៈ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦ ភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ ចំនួនជាង ២,០០០នាក់ បានធ្វើដំណើរ តាមនាវាយក្សមួយ គ្រឿង មានឈ្មោះ Pacific Eden ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ ។

លោកវរសេនីយឯក ស៊ាង ឡេង ប្រធានប៉ុស្តិនគរបាល ច្រកទ្វារ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរបរទេស ធុនយក្សមួយគ្រឿង មានឈ្មោះPacific Eden មានសញ្ជាតិ British បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ១៣៦១នាក់ ស្រី ៧៤៥នាក់ មាន ២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៦១៦នាក់ ស្រី ១៤៤នាក់ មាន ៣៩សញ្ជាតិ ។

លោកបានឲ្យដឹងថា នាវាទេសចរ Pacific Eden មានបណ្តយ ២១៩ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅទឹក ៦,៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិ សាសន៍មកពីប្រទេស Singapor ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នាវានេះមាន គម្រោងនាំភ្ញៀវទេសចរបរទេស ចាកចេញពីកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ១៨,០០ រសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

លោកវរសេនីយឯក ស៊ាង ឡេង បានឲ្យដឹងបន្តទៀតថា ភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរ តាមនាវា pacific Eden ចំនួនជាង២,០០០នាក់ ដែលមានសញ្ជាតិផ្សេងគ្នា ហើយក្នុងចំណោមភ្ញៀវ ដែលមានសញ្ជាតិច្រើន ជាងគេមានដូចជា អូស្ត្រាលី ១,១០៩ នាក់ New Zealand ១២០នាក់ British ៧១នាក់ ក្រៅពីនោះមានសញ្ជាតិផ្សងៗទៀត ។ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរ កំសាន្តតាមនាវា Pacific Eden ភាគច្រើនជាមនុស្ស ដែលមានវ័យចំណាស់ ។

បើតាមសំដីលោកប្រធានប៉ុស្តិនគរបាល ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយសារតែរដូវភ្លៀង ធ្វើឲ្យ នាវាទេសចរបរទេស ខកខានចូលចត ព្រោះអាចជួបព្យុះ ភ្លៀង ហើយនៅចុងឆ្នាំ២០១៦ និងមាននាវាទេសចរបរទេសនាំភ្ញៀវចូលចត បោះយុទ្ធការ នៅខេត្តព្រះសីហនុ មានការកើនឡើងជាបន្តទៀត ។ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជា មានសន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍរីកចំរើន នូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដំណើរកម្សាន្ត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រ ទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តសៀមរាប អង្គរនោះទេ ជាពិសេសតំបន់កោះ មានដូចជា កោះរ៉ុង នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍរីកចំរើន ផ្នែកវិស័យទេសចរណ៍ ។

នៅដើមឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេង កម្សាន្តតំបន់កោះ ក្នុងមួយថ្ងៃប្រមាណជា ១,០០០នាក់ ដោយការធ្វើ ដំណើរតាមផ្លូវទឹក ធានាបាននូវសុវត្ថិភាព ប្រើពេលវេលាតែ៤៥នាទី ភ្ញៀវអាចទៅកម្សាន្ត នៅតាមកោះ និងត្រឡប់មកកាន់ដីគោកវិញ ទាន់ពេលវេលា ។

ម្យ៉ាងទៀតដោយសារអាជ្ញាធរ បានប្រាប់ប្រជាពលរដ្ឋ នៅតំបន់កោះ ការពារបរិស្ថាន អនាម័យ ប្រកបដោយសោភ័ណ្ឌភាព និងមានព្រៃធម្មជាតិ ជាចំណុចក្នុងការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ត នៅខេត្តព្រះសីហនុ កាន់តែច្រើនឡើង ម្យ៉ាងទៀតឆ្នេរសមុទ្រ ខេត្តព្រះសីហនុ បានចូលជាសមាជិក ក្លឹបឆ្នេរស្អាតលើ សកលលោក គឺជាតារារះនាទិសនារតី៕

photo_2016-08-08_13-49-01 photo_2016-08-08_13-48-55 photo_2016-08-08_13-49-25 photo_2016-08-08_13-49-20 photo_2016-08-08_13-49-16 photo_2016-08-08_13-49-09 photo_2016-08-08_13-49-04

មតិយោបល់