ភ្នំពេញៈ ស្ត្រីជនសង្ស័យជំនាញខាងលូក ហោប៉ាវ លួចលុយ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ឃាត់ខ្លួនបានសារជាថ្មី ក្រោយពីធ្វើសកម្មភាពបន្លំចូលលួចលុយ នៅផ្ទះអ្នកលក់ដូរ កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ កង សុវ៉ារី អាយុ៣៥ឆ្នាំ ជាមុខសញ្ញាចាស់ ជំនាញលូកហោប៉ាវ បន្លំលួចលុយ មុខដដែលៗ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើត ភូមិចំការអង្គ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមសម្តី បុរសឈ្មោះ ឌុយ រតនា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកអង្គរជ័យ ខេត្តកំពត បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ខណៈដែលសមាជិកក្នុងគ្រួសារ កំពុងជាប់រវល់ លក់ដូរភ្លេចខ្លួន ត្រូវបាន ជនសង្ស័យលួចកាបូបលុយទៅបាត់ ក្នុងនោះប្រាក់ ៣០០ដុល្លារ ប្រាក់រៀលជាង១០ម៉ឺនរៀល ឯកសារផ្សេងៗមួយចំនួនទៀត លុះឆែកពិនិត្យ តាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា ជនសង្ស័យ លួច កាបូបជាមនុស្សស្រី ស្គាល់ភិនភាគ ធ្លាប់ឃើញ ម្តុំផ្សារព្រៃទា លុះមកដល់ព្រឹកថ្ងៃទី២៩ នេះឃើញជនសង្ស័យ ដើរចូល ផ្ទះលក់ដូរ ជាប់នោះ ដូចភិនភាគ ជនសង្ស័យ មុខសញ្ញាលួចលុយ ទើបចាប់ឃាត់ខ្លួន សាកសួរ ប្រគល់ឲ្យប៉ូលិស នាំទៅឆែកដល់ផ្ទះជួលរបស់ជនសង្ស័យ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម រកឃើញកាបូប និងឯកសារ របស់ជនរងគ្រោះ តែលុយបាត់អស់រលីងហើយ ត្រូវបានស្ត្រីសង្ស័យ ប្រាប់ថា លុយយកទៅសងគេអស់ហើយ ។
ក្រោយពីចាប់ខ្លួនបាន ស្ត្រីសង្ស័យមុខដដែលៗ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ អនុវត្តន៍បន្តតាមនីតិវិធី៕
មតិយោបល់