រតនគិរីៈ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំល្បាំង១ និងឃុំបាតាង ស្រុកលំផាត់
ភ្លៀងធ្លាក់បន្តបន្ទាប់ចាប់ពីចន្លោះម៉ោង១២ អធ្រាតថ្ងៃទី២៨ ឈានចូល២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យជន់លិចនៅតាមបណ្តាឃុំមួយចំនួន រួមមានឃុំបាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានភូមិសាស្ត្រនៅតាមទំនាបដងអូរ។
យោងរបាយការណ៍បឋមពីអាជ្ញាធរស្រុកឲ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន ២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របីមួយ បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ ពីបានលុង ទៅស្រុកលំផាត់ចំនួន ០២កន្លែង ក្នុងនោះអាជ្ញាធរបានចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ ០៣នាក់ ដែលជាប់នៅដំបូលផ្ទះដោយទឹកលិចផ្ទះមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន។
ក្នុងការចុះអន្តរាគមន៍ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាព។ នាឱកាសនេះដែរ ឯកឧត្តមបានណែនាំដល់ពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹម ហើយស្ថានភាពជំនន់គឺឡើងលឿន ស្រកចុះក៏លឿន៕
មតិយោបល់