ព័ត៌មានជាតិ

Update៖ មន្ត្រីអាវុហត្ថរាជធានីភ្នំពេញម្នាក់ ស្រវឹងស្រា បើករថយន្តបុករថយន្តបែនដឹកដីពីក្រោយ បណ្ដាលឲ្យហោះជិត ១០០ម៉ែត្រ នាំទៅពិនិត្យជាតិអាល់កុលនៅខណ្ឌ រត់ចុះទ្បានសាមុយ គេចខ្លួនបាត់

ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង៣០នាទី កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ (ភ្នំពេញ 3D-4292) បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចជិតរោងចក្រផលិតស្រាបៀបកម្ពុជា ក៏បត់ឆ្លងផ្លូវ មិនប្រយ័ត្ន ក៏មានរថយន្តមួយគ្រឿង ម៉ាកកូរ៉ូទ្បា ពណ៌ទឹកមាស ពាក់ស្លាក់លេខ (ភ្នំពេញ2F-1173) បើកបរដោយមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុករថយន្តដឹកដីព ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសបែកក្បាល ត្រូវបានដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ក៏បានធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំ ដោះស្រាយតាមនិតិវិធី។

សូមបញ្ជាក់៖ ករណីនេះ ភាគីរថយន្តបែនដឹកដី ទាមទារឲ្យសមត្ថកិច្ច វាស់ជាតិអាល់កុល អ្នកបើករថយន្តកូរ៉ូទ្បា តែនៅពេលនាំមកខណ្ឌ ស្រាប់តែម្ចាស់រថយន្ត បានចុះពីរថយន្តសាមុយរត់គេចខ្លួនបាត់តែម្ដង៕

មតិយោបល់