ព័ត៌មានជាតិ

ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

កណ្តាល: ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចតាមផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង២ និង ១០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ដំណើររឿង៖ ខណដែលជនរងគ្រោះ កំពុងបើកបររថយន្ត ០២គ្រឿង នៅលើផ្លូវជាតិលេខ៦អា ទិសដៅពីភ្នំពេញ-មណ្ឌលគីរី។ ស្រាប់តែលេចជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ បានជិះម៉ូតូមកក្បែរថយន្ត និងដកខ្សែក្រវ៉ាត់ វាយទៅលើរថយន្តរបស់ជនរងគ្រោះ ហើយជិះម៉ូតូវ៉ារថយន្តទៅមុខ។

ពេលនោះ ជនរងគ្រោះក៏បានបើករថយន្តដេញតាមពីក្រោយ និងបានហៅឈប់ ដើម្បីសួរនាំ តែត្រូវក្រុមជនសង្ស័យព្រួតវាយ ពេលចុះពីរថយន្ត បណ្តាលឲ្យរងរបួស។

ក្រោយកើតហេតុ ជនរងគ្រោះ បាននាំគ្នារត់ឡើងជិះរថយន្តមួយគ្រឿង ចេញទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកមុខកំពូល ដោយទុករថយន្តរងគ្រោះ ចោលនៅតាមដងផ្លូវ ហើយក៏ត្រូវក្រុមជនសង្ស័យវាយបែកកញ្ចក់អស់ទាំងស្រុង។

បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ច បានចុះឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចមុខខារាអូខេឌីយ៉ាម៉ង់ហ្គោល ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

១-ឈ្មោះ សាយ ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ខុម ម៉េងហុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបក្ខពួកចំនួន ០៤នាក់ទៀត បានគេចខ្លួន។

សម្ភារ:ខូចខាតរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង បែកកញ្ចក់ទាំងស្រុង។ វត្ថុតាងចាប់យកមានម៉ូតូ ០១គ្រឿង (របស់ជនសង្ស័យ ជិះធ្វើសកម្មភាព) និងក្បាលខ្សែក្រវ៉ាត់ចំនួន ០២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

មតិយោបល់